ភ្នំពេញ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណវ័យអាយុជាង២០ឆ្នាំម្នាក់ ជាអ្នករត់ម៉ូតូកង់បីឡាំម៉ាតាឥណ្ឌា ដឹកម៉ូយស្រីស្អាតម្នាក់ចេញមកពីក្លឹបកម្សាន្តអ៊ីពេជ ត្រូវបានក្មេងទំនើងមួយក្រុមមានគ្នា៥ទៅ៦នាក់ ព្រួតវាយបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវR6 នៅចំណុចផ្លូវបឹងកក់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ជាអ្នករត់ម៉ូតូឡាំម៉ាតាឥណ្ឌា ហើយមិនដែលមានទំនាស់ជាមួយអ្នកណា និងមិនដែលចេះរករឿងអ្នកណានោះឡើយ លុះពេលដែលកើតហេតុខាងលើ គាត់បានទៅដឹកម៉ូយស្រីម្នាក់ចេញមកពីក្លឹបអ៊ីពេជ២ នៅម្តុំក្នុងបឹងកក់ ខណៈពេលដែលកើតហេតុ គាត់បើកជិតដល់ស្តុបទំនប់៧០ ទៅហើយស្រាបតែលេចមុខជនបង្កក្មេងទំនើងចំនួន៥ទៅ៦នាក់ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាកបើកមកដេញគៀរគាត់ រួចធ្វើសកម្មភាពព្រួតវាយ និងគប់ទៅលើរូបគាត់ និងស្ត្រីរងគ្រោះបណ្តាលឲ្យក្រឡប់ម៉ូតូឡាំម៉ាតាកង់បីឥណ្ឌារបស់គាត់ រងរបួសធ្ងន់ទាំង២នាក់ ។

ភ្លាមៗនោះដែរជនរងគ្រោះក៏បានរត់ស្រែកមកឲ្យកម្លាំងអាវុធហត្ថខណ្ឌដូនពេញជួយ ប៉ុន្តែជនបង្កនាំគ្នាជិះរត់គេចខ្លួនបាត់អស់ មានប្រជាពលរដ្ឋដែលគេធ្វើដំណើរតាមផ្លូវនិយាយថា ជនរងគ្រោះបើកគៀរក្មេងទំនើងទាំងនោះ ឬមួយសង្ស័យដឹកចំស្រីរបស់គេ ទើបគេយល់ច្រឡំទើបព្រួតដេញវាយបែបនេះហើយមើលទៅ ។
ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺ បានដឹកយកជនរងគ្រោះយកទៅព្យាបាល រឺឯម៉ូតូរបស់ជនរងគ្រោះត្រូវបានឪពុកជិះយកទៅតាមក្រោយបាត់ទៅ ៕