សៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​២​នាក់ ករណី​លូក​ហោប៉ៅ​ភ្ញៀវ​ទេសចរណ៍ ជាតិ​និង​អន្តរជាតិ នា​យប់​ថ្ងៃ​ចូល​ឆ្នាំ​ថ្ងៃ​ទី​១ គឺ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៩ នៅ​តំបន់​ផ​ប់​ស្ត្រី​ត ក្នុងភូមិ​មណ្ឌល​១​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា កម្លាំង​លោក​បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​មានឈ្មោះ ផល ស្រី​ល​ក័ ភេទ​ស្រី​អាយុ​២៧​ឆ្នាំ នៅ​សង្កាត់​បឹង​កក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​ឈ្មោះ ចិត្ត ឆៃ​វ៉ា​ន់ ភេទ​ស្រី អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ខ្នា សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប ករណី​លួច​មិន​បាន​សម្រេច គឺ​លូក​ហោ​ប៉ាវ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ។

លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ ២០១៩ ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​បាន​ធ្វើ​សកម្មភាព​លូក​កាបូប​ប្រជាពលរដ្ឋ​នៅ​តំបន់​ផាប់​ស្ទ្រី​ត ដែល​កំពុង​តែ​ដើរ​លេង​បាញ់​ទឹក​យ៉ាង​សប្បាយ ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​លូក​យក​បាន​ផង ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​យើង​ធ្វើការ​ចាប់ខ្លួន បាន​មុន​ទាន់​ពេលវេលា​យក​មក​ធ្វើការ​សាកសួរ ។

ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​ទាំង​ពីរ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​មាន​បំណង​មក​ធ្វើ​សកម្មភាព​លួច​មែន​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី និង​វេលា​ម៉ោង​២៣​និង​៣០​នាទី តែ​លួច​មិន​បាន ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង ។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជន​សង​ង្ស័​យ​ទាំង​២​នាក់​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕