រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមេសា នេះ ម្ចាស់ក្លឹបម៉ៃអាមី រួមទាំងបុគ្គលិក៦នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធសកម្មភាពផ្តល់ទីតាំងសម្រាប់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន នេះបើតាមការឲ្យដឹងពីលោក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

លោកបានឲ្យដឹងទៀតថា ម្ចាស់ក្លិបម៉ៃអាមី មានឈ្មោះ ស្រេន វីរៈ ហើយបុគ្គលិកទាំង៦នាក់ទៀតមាន មេសា និងសន្តិសុខជាដើម បានជាប់ពាក់ព័ន្ធបទល្មើសខាងលើ ហើយត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយលោកបានបញ្ជាក់ទៀតថា ថ្នាំញៀនប្រមាណជាង១០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសបាន នៅក្នុងប្រតិបត្តិការបង្ក្រាបក្លិបម៉ៃអាមីខាងលើ ។

ក្រៅពីការរឹបអូសបានថ្នាំញៀន កម្លាំងនគរបាលក៏បានរឹបអូសបានឧបករណ៍ជក់ និងកែច្នៃយ៉ាងច្រើននៅក្នុងក្លឹបផងដែរ ដែលក្រុមយុវជន និងជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពយ៉ាងព្រោងព្រាត។​ ចំពោះម្ចាស់ក្លឹប «ម៉ៃអាមី»ម្នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ធ្លាប់ជាប់ពន្ធនាគារចំនួន៨ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ ហើយចេញពីពន្ធនាគារវិញនៅឆ្នាំ២០១៥កន្លងទៅ។

នៅក្នុងការបង្ក្រាបខាងលើនេះផងដែរ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម ទៅលើយុវជនជាង៥០នាក់ ដែលបានឃាត់ខ្លួននៅក្នុងពេលប្រតិបត្តិការនោះ ហើយសមត្ថកិច្ចបានរកឃើញយុវជនមានផ្ទុកសារធាតុញៀន មានចំនួន៣២នាក់ ហើយយុវជនដែលមិនពាក់ព័ន្ធទៅនិងការសេពគ្រឿងញៀន ត្រូវបានអនុញ្ញាតិឲ្យត្រលប់ទៅផ្ទះវិញ ដោយឡែកយុវជនដែលរកឃើញមានផ្ទុកសារធាតុញៀននោះ សមត្ថកិច្ចបានបញ្ជូនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន ៕