ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​បង្កជម្លោះ​ជាមួយ​មន្ត្រី​គយ ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ម្នាក់​នេះ មានឈ្មោះ ចិន មិ​ញ​ខា​ញ់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ ឃុំ​ស៊ុន​ថា​ញ់ ស្រុក​ស៊ុន​ឡុ​ក ខេត្ត​ដុ​ង​ណាយ ប្រទេស​វៀតណាម មានមុខ​រប​រត់​ម៉ូតូឌុប​ក្នុង​តំបន់​ព្រំដែន និង​បាន​ដឹក​ទំនិញ​តាម​ម៉ូតូ​រ៉ឺ​ម៉ក​តូច​មួយ ក្នុង​ទិស​ដៅ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​វៀតណាម លុះ​មក​ដល់​បា​រ៉ា​ស់​ត្រួតពិនិត្យ ជនជាតិ​វៀតណាម​រូប​នេះ បាន​បង​ជម្លោះ​ជាមួយ​មន្ត្រី​គយ ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន រហូត​ឈាន​ដល់​ទាញ​យក​ពូថៅ​គំរាម​កាប់​ថែម​ទៀត ឃើញ​ករណី​ជាក់ស្តែង កម្លាំង​ប៉ុស្តិ៍​នគរបាល​កម្ពុជា បាន​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ រង់ចាំ​ការ​ដោះស្រាយ​បន្ត ។

រហូត​ដល់​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល កម្លាំងយោធា​ការពារ​ព្រំដែន​វៀតណាម​៨០១​មួយ​ក្រុម បាន​ស្នើ​សុំ​ធ្វើការ​សម្របសម្រួល ។ យោង​តាម​ការ​ស្នើ​សុំ​ពី​ភាគី​មិត្តវៀតណាម ដោយ​មានការ​ធ្វើ​លិខិតធានា និង​ឲ្យ​សា​ម៉ី​ខ្លួន​ធ្វើ​កិច្ចសន្យា​ទទួលកំហុស និង​មានការ​សុំ​អភ័យទោស កម្លាំង​នគរបាល​ប៉ុស្តិ៍ ក៏​បាន​អនុញ្ញាត​ឲ្យ​សា​ម៉ី​ខ្លួន ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​បាត់​ទៅ ៕