រាជធានីភ្នំពេញ ៖ កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក​ឧម​ត្តម​សេនីយ៍ ស ​ថេ​ត ស្នងការ​នគរបាល​រាជធានី បាន​ចុះ​បង្ក្រាប​ទីតាំង​ក្លិប​កម្សាន្ត​មួយ​កន្លែង​យីហោ​ម៉ៃ​អា​មី ឃាត់ខ្លួន​យុវជន​ប្រមាណ​៥០​នាក់ ក្នុង​នោះ​មាន​ស្ត្រី​១២​នាក់ សង្ស័យ​ពាក់ព័ន្ធ​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន និង​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ ។

ក្លឹ​ប​កម្សាន្ត​យីហោ«​ម៉ៃ​អា​មី​»មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​៣៦០ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១​ខែមេសា ឆ្នាំ​២០១៩​។

ទីតាំង​ខាងលើ​កម្លាំង​អាជ្ញាធរ​បាន​ចុះ​ហាមឃាត់​ចំនួន​៣​ដង​មក​ហើយ ថែម​ទាំង​បិទ​លែងឱ្យ​ដំណើរការ​ទៀត​ផង តែ​មិន​បាន​ប៉ុន្មាន​ផង​ក៏​បើក​វិញ រហូត​មក​ដល់​យប់​ឈាន​ចូល​ថ្ងៃ​១១​ខែមេសា​នេះ​ទើប​ពេល​នេះ​លោក​ឧត្តមសេនីយ៍​ផ្កាយ​៣ ស ថេ​ត ដឹកនាំ​កម្លាំង​ស្នងការ​នគរបាល​រាជធានី​ចុះ​បង្ក្រាប​ដោយ​ផ្ទាល់​តែ​ម្តង​។

នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩​នេះ មន្ត្រី​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា យុវជន​ប្រមាណ​៥០​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​«​ម៉ៃ​អា​មី​» កាលពី​យប់មិញ កម្លាំង​ជំនាញ​កំពុង​សួរនាំ​នៅ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។ តាម​ការ​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​របស់​សមត្ថកិច្ច ថា នៅ​ក្នុង​ចំណោម​យុវជន​ទាំង​៥០​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ គឺ​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ភាគច្រើន ព្រោះ​សមត្ថកិច្ច​បាន​រក​ឃើញ​ឧបករណ៍​ប្រើប្រាស់​សម្រាប់​បម្រើ​ការ​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ផង​ដែរ ។

ទោះជា​យ៉ាងនេះ​ក្តី ថៅកែ​ក្លឹ​ប​កម្សាន្ត ម៉ៃ​អា​មី មិន​ត្រូវ​បាន​ប៉ូលិស​អះអាង​ថា ត្រូវ​បាន​ចាប់ខ្លួន ឬ​ក៏​យ៉ាងណា​នោះ​ទេ ។ យ៉ាងណា​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​សមត្ថកិច្ច​ចាប់ខ្លួន​ថៅកែ​ក្លឹ​ប​កម្សាន្ត ម៉ៃ​អា​មី ដើម្បី​ផ្តន្ទាទោស​អោយ​ដូច​ថៅកែ​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក របស់​លោក​ឧកញ៉ា គិត ធាង ផង​ដែរ ៕