រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន កម្ពុជា​.​ថៃ ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​សម្ភោ​ធ​ស្ពាន​អន្តរជាតិ​ស្ទឹង​បត់​និង​បើក​ការដ្ឋាន​សង់​ផ្លូវ​ត​ភ្ជាប់​ពី​ស្ពាន​ទៅ​ផ្លូវជាតិ​លេខ​៥

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវដែក​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​ត្រូវ​បាន​រង​ការ​ខូចខាត ដោយសារ​សង្គ្រាម អស់​រយៈពេល​៤៥​ឆ្នាំ កន្លង​មក​ហើយ​នោះ នឹង​ត្រូវ​បាន​ភ្ជាប់​ដំណើរការ​ឡើង​វិញ នា​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​នៅ​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ទូរថភ្លើង ដែល​ភាគី​ថៃ​បាន​ផ្តល់​ឱ្យ​នោះ នឹង​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​តែ​ម្តង ។

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កម្ពុជា និង​ថៃ បាន​ចុះ​ពិនិត្យ​រួម​គ្នា ទីតាំង​រៀបចំ​សម្ភោ​ធ​ស្ពាន​អន្តរជាតិ​ស្ទឹង​បត់ និង​បើក​ការដ្ឋាន​សង់​ផ្លូវ​ត​ភ្ចា​ប់​ពី​ចំណុច​ស្ពាន​អន្តរជាតិ​ស្ទឹង​បត់​មក​ផ្លូវជាតិ​លេខ​៥ នៅ​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ ២០១៩ នៅ​លើ​ស្ពាន​អន្តរជាតិ​ស្ទឹង​បត់ ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្នុង​កិច្ច​ជំនួប​រវាង​ឯកឧត្តម ស៊ុន ចាន់ ថុ​ល ទេស​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ឯកឧត្តម អា​ឃុំ​ទើ​ម ធី​ផៃ​សិត រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ថៃ បាន​ពិភាក្សា​រៀបចំ​ទីតាំង​ដើម្បី​ដាក់​សម្ភោ​ធ​ស្ពាន​អន្តរជាតិ​ស្ទឹង​បត់ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ត​ភ្ជាប់​ពី​ស្ពាន​អន្តរជាតិ​ស្ទឹង​បត់​មក​ផ្លូវជាតិ​លេខ​៥ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល មាន​ប្រសាសន៍​ថា ស្ពាន​ព្រំដែន​ច្រក​ទា្វរ​អន្តរជាតិ​ស្ទឹង​បត់​ដែល​ត​ភ្ចា​ប់រ​វាង​ប្រទេស​ថៃ និង​កម្ពុជា ត្រូវ​បាន​សាងសង់​ឡើង​ដោយ​វិស្វកម្ម​ភាគី​ថៃ​ទាំងស្រុង​តែ​ម្តង ដែល​មាន​ប្រវែង​៦០៥​ម៉ែត្រ ដែល​ខាង​ភាគី​កម្ពុជា មាន​ប្រវែង​២១៥​ម៉ែត្រ និង​ទទឹង​១៧​ម៉ែត្រ ដោយ​ខាង​ភាគី​ថៃ ជា​អ្នក​ចំណាយ​ផង​ដែរ ។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី បញ្ជាក់​ថា ការ​ចុះ​មករ​វាង​ភាគី​ទាំង​ពីរ​នៅ​ថ្ងៃនេះ គឺ​ដើម្បី​រៀបចំ​រាល់​នីតិវិធី​អោយ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ ដើម្បី​អប់អរសាទរ​ពិធី​សម្ភោ​ធ​ស្ពាន​អន្តរជាតិ​ស្ទឹង​បត់​នេះ និង​ពិនិត្យ​រក​ទីតាំង​ដើម្បី​សាងសង់​អគារ​ស្នាក់​ការ​ត្រួតពិនិត្យ រួម​ទាំង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ត​ភ្ចា​ប់​ពី​ស្ពាន​ទៅ​កាន់​ផ្លូវជាតិ​លេខ​៥ ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​តេ​ជោ​ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ថៃ និង​អញ្ជើញ​ជា​គណ​ធិ​ប​តេ​យ្យ​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ ២០១៩ ខាង​មុខ​នេះ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បញ្ជាក់​ទៀត​ថា ច្រក​ទ្វារ​ព្រំដែន អន្តរជាតិ​ស្ទឹង​បត់​នេះ សំរាប់​ការ​ដឹក​ទំនិញ​ចេញចូល​ឆ្លងកាត់​រវាង​ប្រទេស​ទាំង​ពីរ និង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​គឺ​សំរាប់​ភ្ញៀវ​ទេសចរណ៍​ចេញចូល​។ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​នេះ ពិតជា​មាន​សារសំខាន់​ណាស់ ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ការ​ខូចខាត​ផ្លូវថ្នល់​ផង និង​អាច​ដឹក​ទំនិញ​បាន​ច្រើន​ផង​ដែរ ក្នុង​នោះ​ដែរ កម្មករ កម្មការិនី ក៏​អាច​ធ្វើ​ដំណើរ​ពី​បាងកក មក​ដល់​ស្ថានីយ៍​ប៉ោយ​ប៉ែ​ត​នេះ​ផង​ដែរ ព្រោះ​នេះ គឺជា​ស្ថានីយ​រថភ្លើង​លំដាប់ថ្នាក់​អន្តរជាតិ ៕