រាជធានី​ភ្នំពេញ ៖ នៅ​សៀ​ល​ថ្ងៃ​០៨ ខែមេសា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ HOFER PETER អាយុ​៦៤​ឆ្នាំ ជនជាតិ​ស្វី​ស ទៅ​កាន់​តុលាការ ពាក់​ព​ន្ធ័​ករណី​ឆបោក​បន្លំ​ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ​ប្រភេទ​១០០​ដុល្លារ នៅ​ទូ ATM ធនាគារ ABA ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ស្នាក់​នៅផ្ទះ​សំណាក់ Velkommen ផ្ទះ​លេខ​១៧ ផ្លូវ​លេខ​១៤៤ ភូមិ​៥ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា ករណី​បន្លំ​ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​និង​៣០​នាទី នៅ​ចំណុច​ទូ ATM ធនាគារ ABA ទីតាំង​ផ្ទះ​លេខ ៦៨​ផ្លូវ​លេខ​៥៣ កែង​ផ្លូវ​លេខ​១៣៦ ភូមិ​១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក​បាន​លុយ​ក្រដាស់ ១០០​ដុល្លារ​ក្លែងក្លាយ​ចំនួន​០១​សន្លឹក លុយ​ដុល្លារ​ចំនួន​១១៦​ដុល្លារ និង​លុយ​ថៃ​ចំនួន​៥២៤០​បាត លុយ​ខ្មែរ​ចំនួន​២​ម៉ឺន​រៀល​, លិខិតឆ្លងដែន​១​ក្បាល​, ទូរស័ព្ទ​ដៃ​ម៉ាក Xiami ពណ៌​ខ្មៅ​ចំនួន​១, វ៉ែនតា​ចំនួន​២, ថ្នាំពេទ្យ​មួយ​ចំនួន​, កាត ATM ចំនួន​៤, កាត​សំគាល់​ខ្លួន​ចំនួន​៣, ប្រអប់​ដាក់​កាត​ចំនួន​១, ប័ណ្ណបើកបរ​អន្តរជាតិ​ចំនួន​១, កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​១ (​ជា​របស់​ជនសង្ស័យ​) ។

សូម​រម្លឹក​ថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​នៅ​ថ្ងៃ​ទី​៦ មេ​សា ជនសង្ស័យ​បាន​មក​ធ្វើការ​ដក​លុយ​ពី​ទូ ATM ក្នុង​ធនាគារ ABA ដែល​មាន​ទីតាំង​ផ្ទះ​លេខ​៦៨ ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៥៣ ភូមិ​១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។ ពេល​ធ្វើ​សកម្មភាព​នោះ ជនសង្ស័យ​បាន​ដក​លុយ​ចំនួន​១០០$ ចេញពី​ទូ ATM បាន​ហើយ​ក៏​យក​លុយ​១០០​ដុល្លារ​នោះ មក​បង្ហាញ​ដល់​បុគ្គលិក​ធនាគារ ហើយ​បាន​ប្រាប់​ថា ជា​លុយ​ក្លែងក្លាយ ពេល​នោះ​បុគ្គលិក​ធនាគារ​បាន​ពិនិត្យ​លុយ​ក្លែងក្លាយ​នោះ និង​និយាយ​ប្រាប់​ជនសង្ស័យ​ថា ចាំ​ជួយ​ឆែក​មើល​រឿង​នេះ​ឲ្យ និង​ឲ្យ​ជនសង្ស័យ​ត្រឡប់​ទៅ​វិញ​សិន ចាំ​ល្ងាច​ម៉ោង​៣ ចាំ​មក​ដោះស្រាយ​ជូន ។

ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ចេញ​ទៅ​បាត់​ទៅ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ត្រួតពិនិត្យ និង​ឆែក​កា​ម៉េ​រ៉ា​សុវត្ថិភាព​មើល​ទើប​ដឹង​ថា ជនសង្ស័យ​លួច​បន្លំ​យក​លុយ​ក្រដាស់ ១០០​ដុល្លារ​ក្លែងក្លាយ ចេញពី​កាបូបស្ពាយ​ពណ៌​ខ្មៅ មក​កាន់​បន្លំ​បង្ហាញ​បុគ្គលិក​ធនាគារ ABA ថា ជា​លុយ​ដុល្លារ​ដែល​ដក​បាន​ពី ATM នោះ​ជា​លុយ​ដុល្លារ​ក្លែងក្លាយ​រហូត​ដល់​ម៉ោង ១៥​និង​០០​នាទី ក៏​ជនសង្ស័យ​ត្រលប់​មក​វិញ ហើយ​ជន​រង​គ្រោះ​បាន​ធ្វើការ​សួរនាំ និង​បើក​ឲ្យ​មើល​កា​ម៉េ​រ៉ា​សុវត្ថិភាព ទើប​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​មក​ធ្វើការ​បន្លំ​ពិតប្រាកដ​មែន ។

ក្រោយ​កើតហេតុ បុគ្គលិក​ធនាគារ​បាន​នាំ​ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​លុយ​១០០​ដុល្លារ ក្លែងក្លាយ​យក​មក​ប្រគល់​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣ ដើម្បី​ធ្វើការ​សាកសួរ​ដើម្បី កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕