ភ្នំពេញ៖ ខេត្ដត្បូងឃ្មុំ ជាខេត្ដពៅគេ​ ក្នុងចំណោមខេត្ដ/រាជធានីទាំង២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាខេត្ដមានសក្ដានុពលសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់ទី៣។ ត្បូងឃ្មុំ ជាខេត្តកំពុងបោះជំហានលើដំណើរផ្លូវនៃការអភិវឌ្ឍន៍ក្នុងល្បឿនមួយយ៉ាងលឿន ហើយមិនយូរមិនឆាប់គេជឿថា ខេត្ដដែលមានទីតាំងស្ថិតនៅជាប់នឹងដងទន្លេមេគង្គដែលជាវាលទំនាបមួយសម្បូរទៅដោយទេសភាពដ៏ល្អប្រណិត គួរឲ្យចង់គយគន់ និងរស់នៅរបស់មនុស្សគ្រប់ជាតិសាសន៏ និងគ្រប់ពណ៌សម្បុរមួយនេះ នឹងក្លាយទៅជាទីក្រុងមួយដ៏ស្រស់ស្អាតជាក់ជាមិនខាន។

ទន្ទឹមនឹងនេះ ខេត្ត​ត្បូងឃ្មុំ​នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​មាន​សន្ទុះ​ឡើង​យ៉ាងខ្លាំង​ ពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួមមានដូចជាៈ ផ្លូវ ស្ពាន លូ បណ្ដាញអគ្គិសនី និងប្រព័ន្ធបំពង់បង្ហូរទឹកស្អាត​ ជាកត្តាជំរុញអោយវិស័យអចលនទ្រព្យ​ដែល​ស្ថិត​នៅ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ដី​នៅ​ទីរួមខេត្ត​ ព្រោះ​វាជាទី​តាំង​សម្រាប់​តំបន់​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល និង​សាលាខេត្ត ដូច​ជា គម្រោង​សាងសង់​មណ្ឌល​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ ប្រមូល​ម្តុំ​ដោយ​សំណង់​អគារ​រដ្ឋបាល សំណង់​លំនៅ​ឋាន តំបន់​កម្សាន្ត​បែប​ប្រវត្តិសាស្ត្រ និង​ប្រមូលផ្តុំ​ដោយ​អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប សាកលវិទ្យាល័យ និងគំរោងថ្មីមួយ កាលពីដើមខែមិនា ២០១៩ ដែលបានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ លោក វ៉ាង រិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការបើកការរដ្ឋានសាងសង់ មន្ទីរពេទ្យមិត្ដភាព កម្ពុជា-ចិន ដែលមានតម្លៃសរុបប្រមាណជិត ៥០ លាន ដុល្លារសហរដ្ឋអាមេរិក ។

ដោយសារការវិវឌ្ឍខ្លាំងនៃវិស័យអចលនទ្រព្យក្នុងខេត្តត្បូងឃ្មុំបែបនេះ យើងសង្កេតឃើញ​មានក្រុមហ៊ុនអចលនទ្រព្យ បើកគំរោងលក់អចលនទ្រព្យរបស់ខ្លួនយ៉ាងច្រើន តែក្នុងចំណោមក្រុមហ៊ុនទាំងនោះ យើងក៏សង្កេតឃើញថា ក្រុមហ៊ុន វិមានបៃតង រៀលអ៊ីស្តេត ខូអិលធីឌី ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ ក៏បានចូលរួមធ្វើការបោះទុនវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងទឹកដីនៃខេត្ដត្បូងឃ្មុំនេះដែរផង នៅលើផ្ទៃដីសរុបចំនួនប្រមាណ ៤៧ ហិកតារ ដែលជាគម្រោងវិនិយោគធំជាគេនៅលើទឹកដីនៃខេត្ដដែលសម្បូរទៅដោយធនធាន និងមានសក្ដានុពលខ្ពស់មួយនេះ ។

ក្រៅពីវិស័យសំណង់​អចលនទ្រព្យដ៏មានសក្ដានុពល និង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលកំពុងរីកដុសដាលជាបន្តបន្ទាប់ ត្បូងឃ្មុំក៏ជាខេត្តមួយ ដែលពោលពេញទៅដោយដំណាំកសិឧស្សាហកម្ម តួយ៉ាងមានដូចជាៈ កៅស៊ូ ម្រេច ដំឡូងមី ពោតក្រហម ស្វាយចន្ទីរ​ អំពៅ និងថ្នាំជក់ជាដើម។ ហើយវាជាកត្តាជុំរុញ និងទាក់ទាញដល់អ្នកវិនិយោគក្នុងតំបន់ និងអន្តរជាតិ ឲ្យចូលមកធ្វើការបោះទុនវិនិយោគ សាងសង់ជារោងចក្រ សហគ្រាស ក្រុមហ៊ុន ដើម្បីផលិត និងនាំចេញទៅលើទីផ្សារ និងការរំពឹងទុកការរីកចំរើនកាន់តែច្រើនឡើងថែមទៀត នៅពេលអនាគត់ ៕