រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគីវិញ ដោយសារតែការមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន និងមិនមកទាន់សភាពការណ៍។ សម្តេច ហ៊ុន សែន បានប្រកាសបែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឲ្យដឹងថា ការដែលសម្តេចនាយករដ្ឋមន្រ្តី សម្រេចមិនជួលនាវាផលិតថាមពលរបស់តួកគី វិញនេះ គឺដោយសារតែការនាំនាវានោះមកកម្ពុជាមានរយៈពេល យូរមិនទាន់សភាពការណ៍តាមដែលកម្ពុជាត្រូវការ។ មួយវិញទៀតដោយសារតែការចរចា មិនត្រូវគ្នាទៅលើលក្ខខណ្ឌមួយចំនួន។

លោក ផៃ ស៊ីផាន បានបញ្ជាក់ហេតុផលថា នៅពេលនេះកម្ពុជាទទួលបានការបង្កើនផ្គត់ផ្គង់បន្ថែមថាមពលពីប្រទេសជិតខាងហើយ ដោយថ្ងៃនេះទទួលបាន៥៥មេហ្គាវ៉ាត់ពីប្រទេសថៃ សម្រាប់ការផ្គត់ផ្គង់បន្ថែម ព្រមទាំងការស្រូបយកថាមពលអគ្គិសនីពីប្រទេសឡាវ និងវៀតណាមផងដែរ។ ការដាក់ឲ្យដំណើរការនូវស្ថានីយ៍អគ្គិសនីប្រើដោយថាមពលព្រះអាទិត្យ២០មេហ្គាវ៉ាត់ នៅតំបន់ត្មាតពង ជិតភ្នំប្រសិទ្ធិ បញ្ចូលមកបណ្តាញអគ្គិសនីជាតិ ព្រមទាំងឲ្យសណ្ឋាគារ និងរោងចក្រធំៗជួយបញ្ចេញម៉ាស៊ីនភ្លើងរបស់ខ្លួន ដើម្បីបន្ថយការប្រើប្រាស់។

លោក ផៃ ស៊ីផាន បានបញ្ជាក់បន្ថែមថា ធ្វើដូច្នេះ យើងមានភ្លើង២០០មេហ្គាសម្រាប់បន្ថយការលំបាករយៈពេលជាង១ខែនេះ មុនរដូវភ្លៀងចូលមកដល់។ លើសពីនោះទៀត រាជរដ្ឋាភិបាលចង់យកថវិកាចំណាយ លើការជួលនាវាផលិតថាមពលអគ្គិសនីតួកគី ដែលមានតម្លៃថ្លៃនោះ មកទិញម៉ាស៊ីនភ្លើងសម្រាប់ដាក់នៅទីក្រុងភ្នំពេញ សម្រាប់រយៈពេលវែងឆ្ងាយតទៅដែលទាំងនេះ ក្លាយទៅជាផលប្រយោជន៍ច្រើន និងវែងឆ្ងាយ៕