ឧកញ៉ាចៅហ៊្វា ជួន កើតនៅថ្ងៃ ១៩ ខែមេសា ឆ្នាំ១៨៦៤ នៅខេត្តកំពង់ឆ្នាំង។ គាត់មានអាជីព ជាមន្រ្តីផ្នែករដ្ឋបាល និង នយោបាយ ក្នុងជំនាន់អាណាព្យាបាល។ នៅឆ្នាំ ១៨៨៥ គាត់បានត្រូវ លោកអូហ្គុស្ត ប៉ាវី ( AUGUSTE PAVIE) នាំទៅរៀននៅប្រទេសបារាំង ។ ពេលត្រឡប់ចូលកម្ពុជាវិញ គាត់បានត្រូវតែងតាំងជា អ្នកបកប្រែភាសា។ នៅថ្ងៃ ១ កុម្ភៈ ១៨៨៨ គាត់ធ្វើការជាប់ជាមួយ លោកអូហ្គុស្ត ប៉ាវី ( AUGUSTE PAVIE) ។ នៅថ្ងៃទី២៤ ខែមីនា ដល់ ៦ ខែកក្កដា ឆ្នាំ១៨៩៤ គាត់បានធ្វើដំណើរពីបាងកក ទៅលាវ ប៉ែកខាងកើត និងខាងលិច ជាមួយលោកអូហ្គុស្ត ប៉ាវី ( AUGUSTE PAVIE) ។

ឧកញ៉ាចៅហ្វ៊ា ជួន

នៅក្នុងឆ្នាំ ១៩០០ លោកប៊ូឡូស ( BOULLOCHE ) ជារ៉េស៊ីដង់ស៊ុប៉េរីយ័រ (អគ្គទេសាភិបាលជាន់ខ្ពស់) បានចាត់គាត់ឲ្យទៅធ្វើការជាមួយមហាក្សត្រ នរោត្តម ហើយព្រះមហាក្សត្រ បានតែងតាំងគាត់ជា រដ្ឋមន្រ្តីព្រះបរមរាជវាំង ហិរញ្ញវត្ថុ និង វិចិត្រសិល្បៈ ដែលកាលសម័យនោះហៅថា ឧកញ៉ា ចៅហ៊្វា ។ នៅឆ្នាំ ១៩០៦ គាត់បានដង្ហែ មហាក្សត្រស៊ីសុវត្ថិ យាងទៅធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេបារាំង។ ឧកញ៉ាចៅហ្វ៊ា ជួន បានបម្រើការងារក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរបីជំនាន់ គឺតាំងពីរជ្ជកាលព្រះមហាក្សត្រ ព្រះបាទនរោត្តម , ព្រះបាទស៊ីសុវត្ថិ និងព្រះបាទមុនីវង្ស។ ឧកញ៉ាចៅហ្វ៊ា ជួន បានទទួលអនិច្ចកម្ម នៅខែកញ្ញា ១៩៤៦ ក្នុងជន្មាយុ ៨២ឆ្នាំ។

លោក ជួន ជឿន (ចៅឧកញ៉ាជហ្វា ជួន) រដ្ឋមន្ត្រីក្រសួងសុខាភិបាល កម្ពុជាប្រជាធិបតេយ្យ

វង្សត្រកូលរបស់ឧកញ៉ាចៅហ្វ៊ា ជួន សុទ្ធតែជាអ្នកចេះដឹង។ ចៅៗរបស់លោក ដូចជា ជួន ម៉ុម, ជួន ប្រសិទ្ធ និង ជួន ជឿន បានទៅសិក្សានៅក្រុងហាណូយ វៀតណាមភាគខាងជើង និងប្រទេសបារាំង មានសញ្ញាប័ត្រថ្នាក់បណ្ឌិត។ អ្នកទាំងអស់នេះ នៅពេលដែលបញ្ចប់ការសិក្សា បានវិលត្រឡប់ចូលមកកម្ពុជាវិញ ជាដំបូងបានចូលរួមតស៊ូប្រឆាំងនឹងបារាំង ជាមួយសឺង ង៉ុកថាញ់ ជាអ្នកនយោបាយស្តាំនិយម។ លុះប្រហែល២០ឆ្នាំក្រោយមក ពួកគេទាំងនេះ បានងាកទៅរកនយោបាយឆ្វេងនិយមម្តងវិញ ដោយចូលរួមធ្វើការតស៊ូជាមួយពួកកុម្មុយនិស្ដ ប៉ុល ពត ទៅវិញ។
ចៅរបស់ឧកញ៉ាចៅហ៊្វា វាំង ជួន ឈ្មោះប៉ុក វ៉ាណេ ឬ រ៉ូហ្សេត ប៉ុក ជាមហេសីរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត។

ជួន ប្រសិទ្ធ (ចៅឧកញ៉ាជហ្វា ជួន) កម្មាភិបាលជាន់ខ្ពស់ក្រសួងការបរទេសខ្មែរក្រហម

អ្នកម្នាងប៉ុក វ៉ាណេ ហៅរូហ្សេត ប៉ុក ជាកូនស្រីរបស់លោកជួន ហ៊ែល ហើយលោកជួន ហ៊ែល នេះ ជាកូនប្រុសរបស់ឧកញ៉ាចៅហ៊្វា វាំងជួន និងជាបងប្អូនរបស់លោកជួន ហ៊ុល ជាឪពុកបង្កើតរបស់កញ្ញាជួន ជឿម ។ កញ្ញាជួន ជឿម ត្រូវបានអគ្គទេសាភិបាលជាន់ខ្ពស់បារាំង មានបំណងចង់ឲ្យព្រះមហាក្សត្រសីហនុ យកធ្វើជាអគ្គមហេសីរបស់ព្រះមហាក្សត្រនរោត្តម ព្រះអង្គមិនសព្វព្រះទ័យ។ តែក្រោយមក កញ្ញា ជួន ជឿម បានរៀបការជាមួយ លោក ឈាន វ៉ម ជានាយករដ្ឋមន្ត្រី។

ជួន ប្រសិទ្ធ និងអៀង សារី ពេលជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

ព្រះមហាក្សត្រសីហនុ ឈ្វេងយល់ថា ដោយសារព្រះអង្គមិនសព្វព្រះទ័យយកកញ្ញាជួន ជឿម ធ្វើជាអគ្គមហេសីនេះហើយ ទើបក្រោយមកមានក្មួយប្រុសអ្នកម្នាងប៉ុក វ៉ាណេ ឬ រ៉ូហ្សេត ប៉ុក ម្នាក់ ឈ្មោះប៉ុក ឌឺកុមារ ជាអ្នកការទូតដ៏ល្អម្នាក់ក្នុងសម័យសង្គមរាស្ត្រនិយម ដែលព្រះអង្គជាអ្នកដឹកនាំ បានរត់ចូលព្រៃទៅតស៊ូជាមួយពួកខ្មែរក្រហម ដើម្បីប្រឆាំងនឹងព្រះអង្គ ហើយប្អូនប្រុសៗរបស់កញ្ញាជួន ជឿម ៣នាក់ទៀត គឺជួន ជឿន ជួន មុំ និងជួនប្រសិទ្ធិ ក៏បានចូលរួមជាមួយពួកមេដឹកនាំខ្មែរក្រហម ដើម្បីផ្តួលរំលំព្រះអង្គ ដែរ៕