បុរសម្នាក់ ជាអ្នកជិតខាងគ្នា ធ្លាប់មានទំនាស់ជាមួយចាស់ទុំយូរមកហើយ ស្រាប់តែឃើញក្មេងប្រុសអាយុ៦ឆ្នាំ ដើរកាត់មុខផ្ទះ ក៏បានធាក់ក្មេងប្រុសនោះមួយជើង ចំចង្កេះខាងក្រោយ បណ្តាលអោយរងរបួស បង្កឲ្យមានការឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំ កាលពីវេលាម៉ោង9យប់ ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៨០ នៅចំណុចម្តុំផែថ្ម ស្ថិតនៅក្នុងភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្មេងរងគ្រោះមានឈ្មោះជា គឹមឆ័ង ភេទប្រុស អាយុ6ឆ្នាំ រីឯឪពុកក្មេងរងគ្រោះមានឈ្មោះជា ហេង អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវ១១០ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ និងភាគីម្ខាងទៀត ដែលជាអ្នកបង្កមានឈ្មោះចាន់ សុជឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើករថយន្ត ស្នាក់នៅផ្ទះ23Eo ផ្លូវ៨០ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពត៌មានពីឪពុកក្មេងរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ គាត់បានប្រើកូនប្រុសរបស់គាត់ ដែលមានឈ្មោះដូចខាងលើ អោយយកផ្លែទាប យកទៅអោយលោកយាយ ដែលនៅជាប់ផ្ទះជនបង្កនោះ លុះពេលកូនដើរត្រឡប់មកផ្ទះវិញ គាត់ជាឪពុកក៏ឆ្ងល់ថា ហេតុអីបានជាកូនរបស់គាត់ យកដៃកាន់ខ្នងពីក្រោយ ទើបគាត់សួរហើយសួរទៀត កូនប្រុសព្រមនិយាយប្រាប់ថា មានពូម្នាក់វ៉ៃ ប៉ុន្តែរបួសស្រាល ភ្លាមៗនោះដែរ រូបគាត់ជាឪពុកនឹងប្រពន្ធ បានដើរទៅសួរនាំភាគីបង្ក ប៉ុន្តែភាគីបង្ក បានចេញមកមួយគ្រួសារ ស្រែកឡូឡាជេរគេជេរឯង ឡើងផ្អើលអ្នកភូមិ ហើយបានយកទឹកមកជះខាងផ្ទះរងគ្រោះទៀត។

ភ្លាមៗនោះដែលសមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានចូលទៅហាមឃាត់ កុំអោយមានអំពើហិង្សាកើតឡើង ដោយយកភាគីទាំងសងខាង យកទៅប៉ុស្តិ៍ដើម្បីធ្វើការដោះស្រាយ ។ ប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ បាននិយាយថា គ្រួសារបង្កនេះដើររករឿងនឹងកាងណាស់ ពីណាគេដែលឈ្លោះជាមួយ គឺនាំគ្នាមួយគ្រួសារចេញមកឈ្លោះយកឈ្នះតែម្តង ហើយមិនដែលលើកហេតុផល យកមកនិយាយនោះទេ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ភាគីបង្កនិងផ្ទះជីដូន របស់ក្មេងរងគ្រោះ ធ្លាប់មានទំនាស់ជាមួយគ្នា រហូតឡើងដល់តុលាការទៀតផង ។ បើតាមភាគីបង្កបាននិយាយថា ខ្លួនអាយុធំប៉ុននេះហើយ មិនដែលហ៊ានលើកដៃវ៉ៃក្មេងនោះទេ ទោះជាខឹងខ្លាំងប៉ុនណា ក៏បានត្រឹមតែដេញអោយចេញតែប៉ុណ្ណោះ មិនបានវាយទៅលើក្មេងជាជនរងគ្រោះនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានជួយសម្របសម្រួល អោយភាគីទាំងសងខាងត្រឡប់ទៅផ្ទះរៀងៗខ្លួន ចាំខាងឪពុកក្មេងរងគ្រោះ គាត់រកសាក្សីបាន ចាំមកដាក់ពាក្យបណ្តឹងតាមក្រោយទៀត ៕