រាជធានីភ្នំពេញ៖ កម្លាំងអាជ្ញាធរសង្កាត់ កំពុងដើររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ស្រាប់តែឃើញបុរស៣នាក់ កំពុងផ្លាស់ប្តូរសម្លៀកបំពាក់ មកគ្រងស្បង់ចីវរធ្វើជាសង្ឃ ក៍ឃាត់ខ្លួនយកមកសាកសួរ ជាមួយអ្នករត់ម៉ូតូកង់បីម្នាក់ទៀត កាលពីព្រឺកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនក្លែងបន្លំជាសង្ឃទាំង៣នាក់នោះ ទី១ ឈ្មោះ គង់ ឆែត អាយ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក, ទី២ ឈ្មោះ ភិន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣ ឈ្មោះ ប៉រ ញៀត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងអ្នករត់ម៉ូតូកង់បី ឈ្មោះ រុន ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិទំនប់ សង្កាត់ទួលសង្កែ២ ខណ្ឌ ឬស្សីកែវ ។ មនុស្សទាំង៤នាក់ មានស្រុកកំណើតភូមិស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

មុនពេលឃាត់ខ្លួន កម្លាំងសណ្តាប់ធ្នាប់សង្កាត់ ជិះម៉ូតូដើរល្បាតក្នុងមូលដ្ឋាន ស្រាប់តែឃើញរ៉ឺម៉កកង់បីខាងលើ ទម្លាក់វាំងននជិត មានសង្ស័យក៏ចូលទៅមើលស្រាប់តែឃើញ ជនទាំង៣នាក់កំពុងប្តូរសម្លៀកបំពាក់ ធ្វើជាសង្ឃក្លែងក្លាយ ទើបឃាត់ខ្លួននាំយកទៅប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។

ជនក្លែងបន្លំជាសង្ឃទាំង៣នាក់ បានសារភាពប្រាប់សមត្ថកិច្ចថា ពួកគេមិនមែនជាសង្ឃទេ ជាប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះ តែដោយសារធ្វើការសំណង់ហត់ពេក រកលុយមិនបាន ក៏បែកគំនិតប្រើល្បិចក្លែងជាសង្ឃ ដើរបិណ្ឌបាតតាមផ្សារ ទីសាធារណ: ដោយមានរ៉ឺម៉កមកដឹកចេញពីបន្ទប់ជួល ហើយប្តូរសំលៀកបំពាក់ ទៅគ្រងជាស្បង់ចីវរតាមដងផ្លូវ រួចចុះដើរបិណ្ឌបាត ព្រោះធ្វើបែបនេះ រកលុយបានស្រួលណាស់។ ជនសង្ស័យទាំង៣នាក់ និងម្នាក់ទៀតជាអ្នកសមគំនិត ត្រូវសមត្ថកិច្ចយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី៕