បាងកក ប្រទេសថៃ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិ AFP នៅថ្ងៃអាទិត្យ ទី២៤ ខែមិនា នេះ បានឲ្យដឹងថា ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ បានចាប់ផ្តើមជាផ្លូវការហើយ ដោយការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស បានបើកទ្វារនៅម៉ោង៨ព្រឹកនេះ ដោយមានពលរដ្ឋចេញដំណើរពីលំនៅឋាន ទៅកាន់ការិយាល័យបោះឆ្នោតរៀងៗខ្លួន ។

បើគិតលើរបាយការណ៍នៃតួលេខ យ៉ាងតិចក៏មានប្រជាពលរដ្ឋថៃ មានសិទ្ធបោះឆ្នោតប្រមាណ៥២លាននាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងការបោះឆ្នោតជាលើកដំបូងនេះ ដោយគិតចាប់តាំងពីថ្ងៃរដ្ឋប្រហារ ឆ្នាំ២០១៤កន្លងមក ដែលជារដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក ស៊ីណាវ៉ាត់ត្រា ចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ កាលពីខែឧសភា ឆ្នាំ២០១៤ ។ ទោះជាយ៉ាងណា ក៏មានពលរដ្ឋជាច្រើនមានការព្រួយបារម្ភពីស្ថានការណ៍នយោបាយ នៃការបោះឆ្នោតលើកនេះផងដែរ ដោយសារតែធ្លាប់មានបទពិសោធន៍កន្លងមក ។

មានការចាប់អារម្មណ៍មួយផងដែរ ដោយមុនការបោះឆ្នោត២ថ្ងៃ លោកថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃដែលមានប្រជាប្រិយភាពកាលពីមុន និងរងនូវការធ្វើរដ្ឋប្រហារយោធានោះ បានរៀបចំពិធីមង្គលការកូនស្រីពៅរបស់ខ្លួន នៅក្នុងទីក្រុងហុងកុង ដោយមានភ្ញៀវកិត្តយសអ្នកមុខអ្នកការថៃ ហើយក៏មានការយាងចូលរួម ពីព្រះរាមព្រះមហាក្សត្រថៃយ៉ាងអធឹកអធមផងដែរ ។

សារព័ត៌មានខាងលើ ក៏បានបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ មណ្ឌលបោះឆ្នោត ចំនួន ៩៣,២០០កន្លែង បានបើកទ្វារនៅទូទាំងខេត្ត ចំនួន ៧៧របស់ប្រទេសថៃ ដែលអនុញ្ញាតឲ្យពលរដ្ឋ ចូលទៅ បោះឆ្នោតបាន ចាប់ពី វេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទី ល្ងាច។ ដោយឡែកលទ្ធផលមិនទាន់ផ្លូវការ នឹងត្រូវប្រកាសនៅវេលាម៉ោង៨៖០០នាទី យប់ថ្ងៃដដែល។

ដើម្បីអាចបង្កើតរដ្ឋាភិបាលមួយបាន បក្សនយោបាយ ឈ្នះឆ្នោត ឬដៃគូចំរុះ ត្រូវការ អសនៈចាប់ពី៣៧៦ឡើងទៅ ក្នុងចំណោម អសនៈសរុប ៥០០ និង ២៥០អសនៈទៀត គឺនៅក្នុងព្រឹទ្ធសភា។ សន្តិសុខត្រូវបានពង្រឹង ដោយកម្រិតខ្ពស់ដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស និងអ្នកទេសចរ បរទេស ការទូត ជាដើម៕