នាវាដឹកកុងតឺន័រអ៊ីតាលីមួយគ្រឿងដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលខណៈដឹករថយន្ត ២.០០០ គ្រឿងរួមមានទាំងរថយន្តទំនើបថ្លៃកប់ពពក Porsche ៣៧ គ្រឿងបានឆេះ និងលិចចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ពេលទើបតែចេញពីឆ្នេរសមុទ្រប្រទេសបារាំងកាលពីចុងសប្ដាហ៍នេះ។

សមជិកនាវិកប្រមាណ ២៧ នាក់ត្រូវបានជួយសង្គ្រោះដោយទាហានអង់គ្លេស ខណៈដែលអាជ្ញាធរបារាំងភ្លាមៗបានទៅសម្អាតប្រេងកំពប់លើសមុទ្រ បណ្ដាលមកពីនាវាលិចនោះ។

ក្រុមហ៊ុនផលិតរថយន្ត Porsche របស់អាល្លឺម៉ង់បានបញ្ជាក់កាលពីថ្ងៃអង្គារថា នាវាលិចនោះបានដឹករថយន្ត 911 GT2 RS បួនម៉ូដែល។

ការផលិតម៉ូដែលនេះបានបញ្ចប់កាលពីខែកុម្ភៈ ប៉ុន្តែក្រុមហ៊ុន Porsche នឹងផលិតរថយន្តនោះឡើងវិញបំពេញការខូចខាតនេះ។ រថយន្តនីមួយៗមានតម្លៃប្រហែល ២៩ ម៉ឺនដុល្លារនៅលើនាវាដែលលិចនោះ៕