ក្រោយ​ពី​ហេតុការណ៍​ដ៏​រន្ធត់​មួយ បាន​កើតឡើង​ដោយសារ​បុរស​ជនជាតិ​ជប៉ុន​២​នាក់ បាន​ប្លន់​សម្លាប់​បុរស​រត់​តាក់ស៊ី​ម្នាក់ ដោយ​អាករ​សម្លាប់​រួច​ទម្លាក់​សព​ពី​រថយន្ត ហើយ​ជិះ​គេចខ្លួន ប៉ុន្តែ​សំណាង​មិនល្អ​ក៏​ជ្រុល​ទៅ​បុក​គោ​យន្ត​កន្ត្រៃ បណ្តាល​អោយ​រថយន្ត​ទៅ​មុខ​លែង​រួច ក៏​ចុះ​រត់គេច​ខ្លួន តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ នោះមានសារព័ត៌មាន​ជប៉ុនមួយ​ឈ្មោះ Fuji News Network បាន​ចុះ​មក​យក​ព័ត៌មាន​ផ្ទាល់​ដល់ទី​កន្លែង ផ្សាយ​អោយ​ដឹង​ថា ដើមហេតុ​នាំ​ឲ្យ​មានការ​ប្លន់​សម្លាប់​នេះ ដោយសារ​តែ​ជនសង្ស័យ​២​រូប​នេះ ជាប់ជំពាក់​បំណុល​រហូត​ដល់​ទៅ​៤​លាន​យេ​ន​(​ប្រាក់​ជប៉ុន​) ប្រមាណ​ជា​៣​ម៉ឺន​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក ។

នៅ​ល្ងាច​ថ្ងៃ​ទី​២០ មីនា ២០១៩ នេះតាម​រយៈ​ផេកហ្វេសប៊ុកផ្លូវការណ៍របស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា ឧត្តម​ឯកអគ្គរាជទូត Horinouchi បាន​ចេញ​សារ​ចូលរួម​រំលែក​ទុក្ខ យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ពិតជា​ក្រៀមក្រំ​នៅ​ពេល​ដែល​បានឮ​ដំណឹង​ថា អ្នកបើកបរ​រថយន្តឈ្នួល លោក ហ៊ឹ​ម ចាន់ ត្រូវ​ជនជាតិ​ជប៉ុន​ពីរ​រូប សម្លាប់​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩​។ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក ។ សូម​វិញ្ញាណក្ខន្ធ​លោក​ទៅ​កាន់​សុគតិភព​» ។

ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ជនបរទេស​ម្នាក់​ឈ្មោះ​ថា Michael Hartzsch បាន​ផ្តួចផ្តើម​បង្កើត​ជា​មូលនិធិ​មួយ ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ហើយ​ក្នុង​នោះ គេ​សង្កេត​ឃើញ មាន​ជនជាតិ​ជប៉ុន​ជា​ច្រើន បាន​នាំ​គ្នា​បរិច្ចាគ​ថវិការ ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដោយ​ទំហំ​ទឹកប្រាក់​មូលនិធិ ត្រូវ​បាន​កំណត់​ត្រឹម ៥,០០០​ដុល្លារ តែ​ប៉ុណ្ណោះ ។ ត្រឹម​រយៈពេល​២៤​ម៉ោង មាន​អ្នក​បរិច្ចាគ មាន​ទាំង​ជនជាតិ​ខ្មែរ និង​ជប៉ុន បាន​ទឹកប្រាក់​ចំនួន​ជិត ២,០០០​ដុល្លារ​ហើយ អ្វី​ដែល​ពិសេស​មាន​ជនជាតិ​ជប៉ុន​ជា​ច្រើន បាន​បង្ហោះ​សារ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​រឿង​មួយ​នេះ ហើយ​ក្នុង​នោះ​ក៏​មាន​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ​ថា Tomohiro Isida បាន​រៀបរាប់​ថា «​ខ្ញុំ​ពិតជា​មាន​ភាព​អាម៉ាស់​ខ្លាំង​ណាស់ ក្នុង​នាម​ជា​ជនជាតិ​ជប៉ុន​មួយ​រូប ហើយ​សូម​មេត្តា​កុំ​ស្អប់​ជប៉ុន​អី​» ។

ដោយឡែក លោក Akihiro Kato ម្ចាស់​ក្លឹ​ប​បាល់ទាត់ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ (Camboda Tiger) និង​កីឡាករ​បាល់ទាត់​អាជីព ជនជាតិ​ជប៉ុន បាន​រួម​គ្នា​ប្រមូល​ថវិការ​ជួយ​គ្រួសារ​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន ជនជាតិ​ជប៉ុន​២​នាក់​សម្លាប់ ដែល​ទឹកប្រាក់​បរិច្ចាគ មាន​ចំនួន​៤,០០០​ដុល្លារ​សហរដ្ឋអាមេរិក ។

ក្នុង​ឱកាស​យក​ថវិការ​ទៅ​ជូន​គ្រួសារ​សព​ជន​រង​គ្រោះ​លោក Akihiro Kato ក៏​បាន​បង្ហោះ​សារ​ថា «​យើង​បាន​បរិច្ចាគ​ថវិការ​ចំនួន ៤,០០០​ដុល្លារ ជូន​ទៅ​ដល់​គ្រួសារ​ជន​រង​គ្រោះ ហើយ​ក៏​អរគុណ​ដល់​មិត្ត​ភ​ក្រ័ និង​កីឡាករ​បាល់ទាត់​អាជីព​ជនជាតិ​ជប៉ុន​ទាំងអស់ នៅ​ក្នុង​ក្លឹ​ប​បាល់ទាត់​នៅ​កម្ពុជា ដែល​បាន​ចូលរួម​គ្នា​ក្នុង​ការ​បរិ​ច្ចាគ​ថវិការ​ទាំងនេះ ។ ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់​ចំពោះ​ហេតុការណ៍​នេះ ។ ខ្ញុំ​សូមឲ្យវិញ្ញាណក្ខន្ធ​លោក​ទៅ​កាន់​សុគតិភព​» ៕