ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ទម្លាយ​ថា ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់ ដែល​សមត្ថកិច្ច​រឹបអូស​គ្រឿងញៀន​ជ​ជិត​៥០​គីឡូក្រាម ក៏​មានការ​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ប៉ូលិស ដែល​ជា​មុខសញ្ញា​តាម​រក​ចាប់ខ្លួន ហើយ​សមត្ថកិច្ច​មិន​ស្ទាក់ស្ទើរ​ទេ​ក្នុង​ការ​ធ្វើ​រឿង​នេះ ពោល​គឺ​នឹង​បន្ត​ធ្វើ​ជា​បន្ត​ទៀត ។

សម្តេច​ក្រឡាហោម ស ខេ​ង លើក​ឡើង​បែប​នេះ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូក​សរុប​ល​ទ្ឋ​ផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​អនុវត្ត ឆ្នាំ​២០១៩ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩ នៅ​សាល​សាលា​រាជធានី​ភ្នំពេញ ​។

សម្តេច​ក្រឡាហោម ស ខេ​ង បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​មិន​ត្រូវ​ទុក​ឲ្យ​គ្រឿងញៀន​ត្រួតត្រា​យើង​ទេ យើង​ត្រូវ​ត្រួតត្រា​គ្រឿងញៀន លុប​បំបាត់​ឲ្យ​បាន កាត់​បន្ថយ​ឲ្យ​បានជា​អតិបរមា និង​ឈាន​ទៅ​លុប​បំបាត់ ។  សមត្ថកិច្ច​ត្រូវ​ប្រឹងប្រែង ហើយ​សមត្ថកិច្ច​មិន​ត្រូវ​ពាក់ព័ន្ធ​ក្នុង​រឿង​នឹង​ជា​ដាច់ខាត ។ នៅ​ក្នុង​ចំណោម​មុខសញ្ញា​នៅ​រ៉ក់ មាន​ប៉ូលិស​ចូល​ពាក់ព័ន្ធ ដែល​ជា​មុខសញ្ញា​កំពុង​តែ​តាម​រក​ចាប់ខ្លួន ដូច្នេះ​យើង​មិន​ស្ទាក់ស្ទើរ​ធ្វើ​ចំពោះ​បញ្ហា​នេះ​ទេ ត្រូវ​បន្ត​ធ្វើ​ទៀត​» ។

សូម​ជម្រាប​ផង​ដែរ​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ជា​ថ្មី​ម្តងទៀត​ថា ទោះបីជា​ត្រូវ​ជីកដី​ជម្រៅ​រាប់​ម៉ឺន​ម៉ែត្រ ក៏​ត្រូវ​តែ​ជីក​ឲ្យ​ដល់ ដើម្បី​ចាប់​ឲ្យ​បាន​មេខ្លោង​គ្រឿងញៀន​នៅ​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក ផង​ដែរ ហើយ​សម្តេច​តេ​ជោ​ក៏​បាន​ព្រមាន​កម្ទេច​ចោល​អ្នក​កាង​ចំពោះ​ករណី​ឧក្រិដ្ឋកម្ម នៅ​ក្លិប​កម្សាន្ត​រ៉ក់​មួយ​នេះ ។

នេះ​បញ្ជាក់​អោយ​ឃើញ​ថា មិន​បញ្ជ​ប់​ត្រឹម​ការ​ឃាត់ខ្លួន​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹ​ប​កម្សាន្ត Rock និង​ជន​សង្ស័យ​ប្រមាណ​​១៧​នាក់​នោះ​ទេ គឺ​នៅ​មាន​អ្នកជាប់​​ពាក់ព័ន្ធ​ជា​មន្ត្រី​ប៉ូលិសថែម​ទៀត ។

គួរ​រម្លឹក​ថា ការ​ឃាត់ខ្លួន​លោក​ឧកញ៉ា គិត ធាង ក្រោយ​ពី​កងកម្លាំង​មាន​សមត្ថកិច្ច បាន​ឆ្មក់​ចូល​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ និ​ងឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង​៣០០​នាក់ រឹបអូស​ថ្នាំ​ញៀន​បាន​ជាង​៥០​គីឡូក្រាម កាលពី​យប់​ថ្ងៃ​ទី​២២ ឈាន​ចូល​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៩ ៕