ហ្វេ​ស​ប៊ុ​ក ៖ មួយ​រយៈ​កន្លង​មកនេះ ការ​ប្រមូល​សំរាម​សម្អាត​នៅ​លូ​ទឹក​ស្អុយ បឹង​ត្របែក​របស់​យុវជន​មួយ​ក្រុម ត្រូវ​បាន​ទទួល ការ​សរសើរ​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម ក៏​ដូច ជា​ត្រូវ​បាន​អាជ្ញាធរ​មើលឃើញ​នឹង​ចុះ​មក​សហការ​ជួយ​ប្រមូល​សំរាម​ទាំងនោះ ផង​ដែរ ។ ប៉ុន្តែ​យុវជន​ស្ម័គ្រចិត្ត​ប្រមូល​សំរាម នៅ​ម្តុំ​ប្រលាយ​បឹង​ត្របែក ក៏​ដូច​ជា​សាលា​រាជធានី បាន​ប្រើ​គ្រឿងចក្រ​ដើម្បី​ទៅ​កើប​សំរាម​រាប់​តោន តែ​នៅ​តែ​មិន​ចេះ​អស់​សោះ សំរាម​នៅ​តែ​មាន​ដដែល ជា​ដដែល ។ តើ​ជា​រៀងរាល់ថ្ងៃ ពួក​គាត់​ក៏​ដូច​អាជ្ញាធរ​ត្រូវ​ធ្វើការ​បែប​នេះ​ជា​ប្រចាំ​ឫ ?

ជាក់ស្តែង នៅ​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ ក្រុមការងារ​រដ្ឋបាល​ខណ្ឌចំការមន បាន​ឃ្លាំចាំ​មើល ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​នោះ បាន​បោះចោល​សំរាម​នៅ​តាម​មាត់​ប្រឡាយ​បឹង​ត្របែក អាជ្ញាធរ​នឹង​អប់រំ​ណែនាំ និង​ឲ្យ​អ្នក​ទាំងនោះ​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​ការ​បោះចោល​សំរាម​តាម​ទី​សាធារណ​: ។

បើ​តាម​ប្រភព​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក Global Picture បាន​សរសេរ​បញ្ជាក់​ថា «​ឲ្យ​រាង​កុំ​ចេះ​តែ​ហ៊ាន !! ប្រមូល​សំរាម​មិន​ចេះ​អស់ ឥឡូវ​រដ្ឋបាល​ខណ្ឌចំការមន បាន​ចាត់​កម្លាំង​ឃ្លាំមើល​ឃាត់​ជន​ប្រុស​ស្រី​ដែល​បោះចោល​សំរាម នៅ​តាម​បណ្ដោយ​ប្រឡាយ​លូ​ទឹក​ស្អុយ ផ្លូវ​១០៥ បាន​ប្រមាណ​១០​នាក់ ដោយ​ធ្វើការ​ណែនាំ​អោយ​ពួក​គាត់ បញ្ឈប់​ការ​យក​សំរាម​មក​បោះចោល តាម​ទីតាំង​ខាងលើ​នេះ​ទៀត និង​ត្រូវ​វេច​ខ្ចប់ ទុកដាក់​តាម​ផ្ទះ​រៀងខ្លួន​អោយ​បាន​ត្រឹមត្រូវ​ដើម្បី​ស៊ិ​ន​ទ្រី​មក​ដឹក​ចេញ​» ។

សរុប​មក ក្រុម​យុវជន​ស្ម័គ្រចិត្ត និង​សាលា​រាជធានី មិន​ចាំបាច់​ធ្វើការ​នេះ រាល់ថ្ងៃ​ទេ បើ បុគ្គល​មួយ​ចំនួន​តូច បញ្ឈប់​ការ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល​បែប​នេះ ពិសេស​តាម​ប្រលាយ​លូ​បឹង​ត្របែក ៕