បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តឡិចស៊ីសRX330មួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះ ទៅដល់ផ្លូវបំបែកជាពីរមិនព្រមបត់ បើកទៅបុករបងសាលាបឋមសិក្សាភ្នំពេញថ្មី ទាំងកំរោល កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចតាមបណ្ដោយផ្លូវហាណូយកែងនិងផ្លូវ២៨គ្រួសារ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AS-5562ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧គ្រួសារ ក្នុងទិសដៅពីលិចទៅកើត បើកយ៉ាងលឿនដូចហោះ។

លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាពីរ ស្រាប់តែអ្នកបើករថយន្តងោកមួយផាំង ក៏ជ្រុលចង្កូតសម្រុកឆ្ពោះទៅមុខត្រង់ភ្លឹង ទៅបុកទម្លុះរបងថ្មរបស់សាលាបឋមសិក្សាភ្នំពេញថ្មី ទាំងកំរោលបណ្តាលឲ្យបាក់អស់ពីរផ្ទាំង ប្រវែងប្រមាណ១០ម៉ែត្រ ចំណែកឯរថយន្តបង្កបានធ្លាក់ចូល ទៅក្នុងបរិវេណសាលា រងការខូចខាតក្រពឹតមួយកំណាត់មុខ ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ភ្លាមៗនោះអ្នកបើករថយន្តបង្ក ក៏ព្យាយាមបើករថយន្តចេញពីក្នុងសាលាបឋមសិក្សាភ្នំពេញថ្មីវិញ តែដោយរកផ្លូវចេញមិនរួច ក៏ទុករថយន្តចោល នៅនិងកន្លែងកើតហេតុ គេចខ្លួនចេញទៅបាត់សម្រោលទៅ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ ក៏បានចុះមកដល់កន្លែងកើតហេតុ ក៏បានធ្វើការវាស់វែងនិងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕