ភ្នំពេញ៖ រថយន្តចំនួន៥គ្រឿង និងម៉ូតូកង់បីមួយគ្រឿងរងខូចខាត បន្ទាប់ពីរថយន្តកូរ៉េឃ្លប់ចំណុះ៣តោនមួយគ្រឿង បើកលឿនជ្រុល ជាន់ហ្វ្រាំងមិនជាប់បុករះរុញ គៀបជាប់គ្នា ក្នុងដំណើរស្របទិស បង្កឲ្យកកស្ទះចរាចរណ៍ ខណៈដែលកើតហេតុត្រង់ចំណុចភ្លើងស្តុប ផ្លូវវេងស្រេង កែងផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ហើយក្នុងចំណោមរថយន្ត៥គ្រឿង ជួបគ្រោះថ្នាក់ចរាចរណ៍ មានរថយន្តមួយគ្រឿង ខាងមុខគេ រងខួចខាតតិចតួច បានបើកចេញទៅមុនបាត់ ដោយមិននៅវែងឆ្ងាយ ។

តាមប្រភពនៅកន្លែង ពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តផ្តើមបង្ក ម៉ាក ហុីយ៉ាន់ដាយ ឃ្លប់ ចំណុះ៣តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1380 ជារថយន្ត របស់ក្រុមហ៊ុនដឹកក្រដាស បើកល្បឿនលឿនពីកើតទៅលិច ។

លុះដល់ចំណុចកើតហេតុ បានបុករថយន្តសាំយ៉ាង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-5024 ខ្ទេចគូទក្រោយ ហើយរេទៅបុករុញ រថយន្ត កូរ៉េ ឃ្លប់ ម៉ាក Bongo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3131 ទៅផ្ទប់ជាមួយរថយន្ត ស្ទូច ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5918 ហើយរថយន្តបន្តកៀរ ម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HE-2421 រងខូចខាតខ្ទេចគូទក្រោយ រុញទៅឡើងខឿនចិញ្ចើមផ្លូវ ហើយហេតុការណ៍ដែលរថយន្តបង្កបើកបុករុញ រថយន្តសាំយ៉ុងនោះ បានរុញបន្តទៅបុក រថយន្តហុីយ៉ាន់ដាយ ប្រភេទទំនើបមួយគ្រឿង ដែលបើកខាងមុខគេ តែខូចខាតបន្តិចបន្តួច មិនបាននៅទាមទាររកសំណងឡើយ បន្តដំណើរចាកចេញទៅបាត់ បន្សល់ទុកតែរថយន្តចំនួន៤គ្រឿង ម៉ូតូកង់បីមួយគ្រឿង នៅកន្លែងកើតហេតុ ។

ហេតុការណ៍ខាងលើបង្កឲ្យកកស្ទះចរាចរណ៍ ហើយត្រូវបានសមត្ថកិច្ច ចុះទៅសម្រួលយករថយន្តក្នុងគ្រោះថ្នាក់ ទៅដាក់គៀនខាង រង់ចាំជំនាញមកវាស់វែង ដើម្បីរកដំណោះស្រាយ ៕