ប្រទេសថៃ៖ កាលពីថ្ងៃទី៣ មិនា ឆ្នាំ២០១៩ថ្មីៗនេះ​ ទូរទស្សន៍ Amarin TV បានចុះផ្សាយពីហេតុការណ៍ភ្លើងឆេះផ្ទះទាំងកណ្តាលយប់ ដោយមានបុរសបែកថ្នាំញៀនម្នាក់ បានទៅដុតផ្ទះអ្នកជិតខាងឆេះខ្ទេចគ្មានសល់ អស់ចំនួន៧ខ្នង ស្ថិតនៅក្នុងខេត្តអាងថង់។

ជនល្មើសឈ្មោះ សុំឆាយ មើលនុន អាយុ៣០ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួនបន្ទាប់ពីកើតហេតុ ហើយគេចខ្លួនទៅពួនសង្ងំនៅក្រោមដើមស្វាយមួយដើម ដែលមិនក្បែរកន្លែងកើតហេតុនោះ ព្រមទាំងមានដេកកេស និងដបសាំងនៅក្បែរខ្លួនទៀតផង ។

តាមការឆ្លើយសារភាពរបស់ជនល្មើស បានប្រាប់ថា ខ្លួនគាត់ពិតជាបានធ្វើរឿងខាងលើពិតប្រាកដមែន ហើយជនល្មើសបាននិយាយទៅមុខទៅក្រោយ ស្តាប់គ្នាមិនយល់ ហើយប៉ូលិសបានត្រួតពិនិត្យថ្នាំញៀននៅក្នុងទឹកនោម ស្រាប់តែឃើញសារធាតុថ្នាំញៀននៅក្នុងខ្លួនបុរសនោះ ឡើងខ្ពស់ខុសពីធម្មតា ។

នៅពេលកើតហេតុរួច គ្រួសារផ្ទះរងគ្រោះដែលត្រូវភ្លើងឆេះ បាននាំគ្នាទៅតវ៉ានៅប៉ុស្តិ៍ប៉ូលិស ព្រមទាំងសួរនាំទៅកាន់ជនល្មើសថា ធ្វើរឿងបែបនេះវាដូចជាជ្រុលពេកហើយទេដឹង? ជនល្មើសពុំបានឆ្លើយតបអ្វីទៅវិញឡើយ គ្រាន់តែនិយាយថា មិននឹកស្មានរឿងវាទៅជាធំបែបនេះ ។

ប្អូនស្រីរបស់ជនល្មើស បានឈរយំនៅមុខផ្ទះ ហើយរៀបរាប់ថា ខ្លួននាងមិននឹកស្មានថា បងប្រុសហ៊ានធ្វើរឿងបែបនេះឡើយ កាលពី២ឆ្នាំមុន គាត់ធ្លាប់ចាក់សាំងដុតបន្ទប់ដេករបស់ខ្លួនម្តងរួចមកហើយ តែពេលនោះត្រូវបានបងប្អូនសាច់ញាតិជួយទាន់ពេល តែពេលនេះ ភ្លើងឆាបឆេះលឿនណាស់ ។

ប៉ូលិសបានធ្វើការត្រួតពិនិត្យជនល្មើសរឿងគ្រឿងញៀន និងត្រួតពិនិត្យបន្ថែមទៀតដើម្បីបញ្ជាកថា តើជនល្មើសកំពុងតែមានជំងឺសរសៃប្រសាទឬយ៉ាងណា មុននាំខ្លួនទៅដោះស្រាយតាមនិតិវិធីច្បាប់ ៕