ខេត្តតាកែវ៖ បុរសម្នាក់បានប្រើអំពើហិង្សាទៅលើមន្ដ្រីជំរឿនក្នុងពេលចុះបំពេញការងារ និងបានជេរតេះដៀលដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទៀតផង ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងត្រគៀត ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ។

បុរសបង្ករឿងម្នាក់នេះ ឈ្មោះ មិន សុក ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំ ខាងលើ ។ ចំណែកជនរងគ្រោះ ឈ្មោះ យ៉ាង សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិរំពាក់ពេន ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ជាមន្រ្តីជំរឿន ។

មុនពលកើតហេតុ ជនរងគ្រោះបានចុះបំពេញការងារជំរឿនប្រជាជនតាមផែនការរបស់រាជរដ្ឋាភិបាលនៅទីតាំងខាងលើ ស្រាប់តែជនបង្ក ឈ្មោះ មិន សុក បានរារាំងមិនឲ្យមន្រ្តីជំរឿនចុះបំពេញឯកសារ និងធ្វើការងារនោះទេ ហើយជនបង្កបានមកដណ្ដើមឯកសារការងារដែលលោក យ៉ាង សុភាព ចុះធ្វើបានចំនួន៥៧គ្រួសារ និងផែនទីប្លង់ជំរឿនយកទៅហែក និងដុតចោលទាំងអស់ ថែមទាំងបានទាត់លោក យ៉ាង សុភាព ដែលជាមន្ដ្រីជំរឿន ចំនួនបួនជើងទៀតផង ហើយថែមទាំងបានជេរតេះដៀលដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ ។
ជនបង្ករឿង ឈ្មោះ មិន សុក ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី៕
សហការី KBN