ប្រទេស​វៀតណាម ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ នឹង​ជួប​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន នឹង​ជួប​គ្នា​ក្នុង​ជំនួប​កំពូល​លើក​ទី​២ នា​ល្ងាច​ថ្ងៃ​ពុធ​ស្អែក​នេះ ដែល​អន្តរជាតិ​កំពុង​តែ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។

ក្រោយ​ការ​ធ្វើ​ដំណើរ​រយៈពេល​៣​ថ្ងៃ ក្នុង​ចម្ងាយ​ផ្លូវ​ជិត​១៧០​គីឡូម៉ែត្រ រថភ្លើង​របស់​មេដឹកនាំ​លោក គី​ម ជុង​អ៊ុ​ន បាន​មក​ដល់ ទឹកដី​វៀតណាម​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ។

លោក គី​ម ជុង​អ៊ុ​ន បាន​ទៅ​ដល់​ស្ថានីយ៍​រថភ្លើង Dong Dang ខេត្ត Lang son ប្រទេស​វៀតណាម នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃនេះ ដោយ​មាន​មន្ត្រីជាន់ខ្ពស់​វៀតណាម​ជា​ច្រើន​រូប និង​ប្រជាជន​វៀតណាម ចាំ​ទទួល​ស្វាគមន៍ ។ ក្រោយ​ចុះ​ពី​រថភ្លើង លោក​គី​ម ជុង​អ៊ុ​ន បាន​ឡើង​ទៅ​លើ​រថយន្ត ដោយ​មាន​កង​អង្គរក្ស​១២​នាក់ អម​ការពារ បន្តដំណើរ​ទៅ​កាន់​ទីក្រុង ហាណូយ ។

នៅ​ពេល​នេះ​ដែរ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ត្រាំ បាន​ឡើង​យន្តហោះ ដ៏​ទំនើប​របស់​ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទៅ​ដល់​ប្រទេស​វៀតណាម​នៅ​ល្ងាច ឬ​ក៏​យប់​ថ្ងៃ​អង្គារ​នេះ​ហើយ ។

សូម​បញ្ជាក់​ថា មេដឹកនាំ​ប្រទេស​ទាំង​ពីរ ធ្លាប់​បាន​ជួប​គ្នា​មួយ​ដង​រួច​មក​ហើយ​ កាលពី​ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ។ កាល​ជំនួប​លើក​ទី​១​នោះ ភាគី​ទាំង​ពីរ​មិន​ទាន់​យល់​ស្រប ​ទៅ​លើ​បញ្ហា​ជា​ច្រើន ទាក់ទង​នឹង​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ ហើយ​និង​ការ​ធានា​សុវត្ថិភាព​របស់​កូរ៉េ​ខាងជើង រហូត​មក​ដល់​ពេល​នេះ ក៏​មានការ​ជំនួប​ប្រជុំ​កំពូល​ជា​លើក​ទី​២ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ៕