ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មានប្រារព្ធពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ក្រោមអធិបតីភាព លោក សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះ ជាមួយនិងការសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ នាពេលកន្លងមកបានខិតខំចូលរួមសហការអនុវត្តនូវវិធានការបង្ការ និងអន្តរាគមន៍សង្គ្រោះករណីអគ្គិភ័យនៅក្នុងខេត្ត ឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត អភិបាលរងខេត្ត បានអំពាវនាវដល់គ្រប់គ្រឹះស្ថានទាំងរដ្ឋ និងឯកជន អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការសហការចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យមានករណីគ្រោះអគ្គិភ័យកើតឡើង ហើយជាពិសេស នារដូវក្ដៅខាងមុខនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុទាំងឡាយដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ ដូចជាភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងដុតសំរាម ភ្លើងកម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀត ដែលងាយឆេះ និងងាយផ្ទុះឆេះ ជាដើម។

សូមបញ្ជាក់ថា នៅក្នុឆ្នាំ២០១៨កន្លងមក នៅទូទាំងខេត្ត មានករណីអគ្គិភ័យកើតឡើងចំនួន ២៨លើក បណ្ដាលឲ្យមនុស្សរងរបួស ចំនួន ១១នាក់ ឆេះផ្ទះចំនួន ១០ខ្នង  ចម្ការអំពៅ ៩១៣,៥ហិកតា ព្រមទាំងខូចខាតសម្ភារ និងទ្រព្យសម្បត្តិមួយចំនួនទៀត៕