ខេត្តព្រះសីហនុ៖ មួយថ្ងៃក្រោយកម្លាំងសមត្ថកិច្ចចម្រុះនាំគ្នារុករកជនសង្ស័យជាជនជាតិចិនពាក់ព័ន្ធគ្រឿងញៀន ៣នាក់ នៅក្នុងព្រៃចំការដូងប្រេង អស់១យប់ តែរកមិនឃើញ រហូតដល់ម៉ោង៨,៣០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបប្រទះឃើញនិងចាប់ខ្លួនបានម្នាក់មក រហូតដល់រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ និងឈានទៅចាប់បក្ខពួកជនសង្ស័យជាជនជាតិចិន ចំនួន០៣នាក់ទៀត នៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ រួមជាមួយវត្ថុតាងចាប់យក បានថ្នាំញៀនចំនួន១៣២កញ្ចប់តូច។
មន្រ្តីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នោះ ទី១៖ឈ្មោះ XI QINGGEN អាយុ៤១ឆ្នាំ, ទី២៖ឈ្មោះ CHEN YI អាយុ២៧ឆ្នាំ, ទី៣៖ឈ្មោះ HU CHENGXIANG អាយុ៣០ឆ្នាំ, ទី៤៖ឈ្មោះ Yang Ke អាយុ៣៧ឆ្នាំ និងទី៥៖ឈ្មោះ Hai Liang អាយ៤០ឆ្នាំ។

ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាង សរុបម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន១៥៦កញ្ចប់ (០៨កញ្ចប់ធំ និង១៤៨កញ្ចប់តូច), ទូរស័ព្ទ០៣គ្រឿង, រថយន្ត០១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង និងសម្ភារសម្រាប់វេច ខ្ចប់ថ្នាំញៀនមួយចំនួនទៀត។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ជនជាតិចិន៣នាក់ជិះរថយន្តម៉ាកព្រុសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-0632 បើកបរក្នុងទិសដៅពីភ្នំពេញ ទៅក្រុងព្រះសីហនុ ក្នុងល្បឿនលឿន។ លុះមកដល់កន្លែងកើតហេតុ រថយន្តបានរេចង្កូតទៅបុករថយន្តធំមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3B-64 07 ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវគ្រួសក្រហមខាងស្តាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះកងរាជអាវុធហត្ថ និងនគរបាលអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះមកអន្តរាគមន៍និងត្រួតពិនិត្យ ក៏មានការសង្ស័យទៅលើជនជាតិចិនម្នាក់ក្នុងចំណោមជនជាតិចិន៣នាក់ កំពុងឈរយួរស្បោងពណ៌សមួយនៅឆ្ងាយពីគេ សមត្ថកិច្ចក៍សុំត្រួតពិនិត្យ ។ ប៉ុន្តែមិនទាន់បានឆែកផង ស្រាប់តែជនជាតិចិននោះទម្លាក់ស្បោងចោល នាំគ្នារត់គេចខ្លួនចូលក្នុងចំការដូងប្រេងបាត់អស់ ។

លុះសមត្ថកិច្ចឆែកក្នុងស្បោងនោះ ស្រាប់តែប្រទះឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់ធំនៅក្នុងនោះ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបាននាំគ្នារុករកជនសង្ស័យក្នុងព្រៃចំការដូងប្រេងទាំងយប់ដែរ តែរកមិនឃើញសោះ។ រហូតដល់ម៉ោង៨,៣០នាទីព្រឹកថ្ងៃដដែល ទើបប្រទះឃើញនិងចាប់ខ្លួនបានម្នាក់ ។ រហូតដល់រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ និងឈានទៅចាប់បក្ខពួកជនសង្ស័យជាជនជាតិចិន ចំនួន០៣នាក់ទៀត នៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ រួមជាមួយវត្ថុតាងចាប់យក បានថ្នាំញៀនចំនួន១៣២កញ្ចប់តូច៕