សិល្បៈ៖ ខណៈពេលនេះ តារាចម្រៀងគ្រាប់ពេជ្រក្នុងផលិតកម្ម សាសស្ដា គឺលោក អាន់ គុណសិរី ព្រមទាំងក្រុមគ្រួសារបានជួបទុក្ខជាទម្ងន់ ដោយសារតែឪពុកបង្កើតរបស់លោក​ បានទទួលមរណៈភាពដោយរោគាពាធនៅឯមន្ទីរពេទ្យប្រទេសវៀតណាម បន្ទាប់ពីតស៊ូជាមួយអស់រយៈពេល ៥ឆ្នាំមកហើយ ហើយចំពោះដំណឹងនេះ បានធ្វើឲ្យប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រម្ចាស់បទ «ក្បត់គេបែបណា» រូបនេះ សោកស្ដាយយ៉ាងខ្លាំង ។

ជួបជាមួយសហការី របស់សារព័ត៌មាន KBN លោក អាន់ គុណសិរី ផ្ទាល់បានជម្រាបជូនថា ឪពុករបស់លោកមានឈ្មោះ ឡាយ លៀងហេង អាយុ៦០ឆ្នាំ គាត់បានកើតជំងឺសួត និងដាច់សរសៃឈាមខួរក្បាលរយៈពេល ៥ឆ្នាំមកហើយ ហើយចំពោះការព្យាបាលរយៈពេលប៉ុននេះ ក៏បានចំណាយថវិការអស់ជាង ១ម៉ឺដុល្លារ តែនៅតែមិនអាចសង្គ្រោះជីវិតឪពុកបានឡើយ ។

លោកបន្តថា ដោយសារតែមិនអស់ចិត្តលោក ក៏ដូចជាក្រុមគ្រួសារ បានបញ្ជូនឪពុកទៅព្យាបាលបន្តនៅឯប្រទេសវៀតណាម តែត្រូវបានគ្រូពេទ្យនៅទីនោះប្រាប់ថា ជំងឺឪពុកលោកឈានដល់ដំណាក់កាលកែលែងឡើងហើយ ហើយមិននឹកស្មានថា នៅវេលាម៉ោងប្រមាណ ២រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែកុម្ភៈ ឪពុករបស់លោក ក៏បានទទួលមរណៈភាពតែម្ដង ។

សូមបញ្ជាក់ថា បច្ចុប្បន្នសពត្រូវបានដឹកចេញពីប្រទេសវៀតណាម មកធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតស្ថិតនៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឹ ៕

សហការី KBN