ភ្នំពេញ៖ ប្តីប្រពន្ធមួយគូមានប្រផ្នូលអាក្រក់ពីព្រឹក លុះយប់ឡើង ឈានដល់ប្រើអំពើហិង្សាទៅវិញទៅមក បណ្តាលឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាប្តីមានឈ្មោះ ផាន់ វន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅផ្ទះកើតហេតុខាងលើ ចំណែកឯជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉ាន់ វី ហៅលីន អាយុ២៩ឆ្នាំ មុខរបរ មើលការខុសត្រូវ ទូរហ្គេមបាញ់ត្រី នៅម្តុំ សាលាអនុវិទ្យាល័យគោគបញ្ជាន់ រស់នៅជាមួយគ្នាភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ ដោយលឺសំឡេង គ្រួសារខាងលើ មានជំលោះនៅក្នុងគ្រួសារ រហូតបោករបស់របរក្នុងផ្ទះ ហើយឮសំឡេងកូនយំពេញផ្ទះ បន្ទាប់មកកូនប្រុសរបស់ពួកគាត់ បានចេញមកពីក្នុងផ្ទះ ហើយប្រាប់ថា ពុកម្តាយគាត់ វាយគ្នាទៅវិញទៅមក ហើយប្រជាពលរដ្ឋនៅភូមិ បានទូរស័ព្ទប្តឹងសមត្ថកិច្ចអោយមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា ខណៈពេលប្រជាពលរដ្ឋទូរស័ព្ទប្តឹងភ្លាមៗ កំលាំងនគរបាលប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃើញប្តី មានរបួសស្នាមក្រចកពេញខ្លួន តែមិនឃើញប្រពន្ធ ខណះពេលនោះដែរ សមត្ថកិច្ចបានស្រែកហៅប្រពន្ធ តែមិនលឺសំឡេងឆ្លើយតប ហើយសមត្ថកិច្ចមានការសង្ស័យ បានឡើងទៅលើឡៅតឿ ឃើញស្រ្តីជាប្រពន្ធសន្លប់ស្ដូកស្ដឹងដកដង្ហើមឡើងញាប់ នៅលើពូកក៏ហៅប្រជាពលរដ្ឋអោយជួយធ្វើចលនាដង្ហើម នឹងបញ្ជូនទៅមន្ទីរពេទ្យឯកជនភ្លាមៗផងដែរ និងឃាត់បុរសជាប្តីយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២។

ប្រភពព័ត៌មានពីបុរសជាប្តី ស្រ្តីរងគ្រោះខាងលើ បានសារភាពប្រាប់ សមត្ថកិច្ចថានៅមុនពេលកើតហេតុ រូបគាត់មិនសូវស្រួលខ្លួនផងណាមួយ មិនពេញចិត្តការងារ ប្រពន្ធ បានទូរស័ព្ទទៅប្រពន្ធគាត់ជាច្រើនដង នៅកន្លែងធ្វើការទូហ្គេមបាញ់ត្រី តែប្រពន្ធគាត់មិនព្រមទទួល ហើយពេលទទួលទូរស័ព្ទ បានជេរប្រមាថគាត់យ៉ាងខ្លាំង ធ្វើឲ្យគាត់ទ្រាំមិនបាន ក៏ទៅរករឿងនៅកន្លែងធ្វើការតែម្ដង បានឈ្លោះប្រកែកគ្នា លុះនាំគ្នាមកដល់ផ្ទះ វិញប្រពន្ធរបស់គាត់ បានបោករូបថតអាពាហ៍ពិពាហ៍ចោល ហើយប្តីបានបោកទូរស័ព្ទប្រពន្ធចោល វិញដែរនិងបានវាយគ្នាទៅវិញទៅមក ប្តីចាប់បោចសក់ប្រពន្ធសង្កត់លើពូក ចំណែកប្រពន្ធខាំនឹងក្រញ៉ៅ ពេញខ្លួនប្តី នាក់ទាំងពីររងរបួសរៀងខ្លួន ដោយប្រពន្ធថប់ដង្ហើមជិតសន្លប់ ទើបសមត្ថកិច្ចពឹងនាក់ជិតខាង អោយយកទៅមន្ទីរពេទ្យឯកជន ជិតកន្លែងកើតហេតុភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះជាប្រពន្ធ មិនប្តឹងផ្ដល់ ទៅលើប្តីរបស់ខ្លួនឡើយ ដោយអោយសមត្ថកិច្ចធ្វើកិច្ចសន្យា នឹងអោយត្រឡប់ទៅផ្ទះវិញភ្លាមៗផងដែរ តែប្តីសុំសំណូមពរប្រពន្ធរបស់គាត់ កុំទៅធ្វើការងារ កន្លែងទូរហ្គេម បាញ់ត្រី ទៀត ព្រោះមិនមែនការងារល្អនោះឡើយ៕