ភ្នំពេញ៖ បន្ទាប់ពីបានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាដើម្បីដាក់ឲ្យដំណើរការទីស្នាក់ការ​កណ្តាល​របស់​ខ្លួនកាលពី​ពេលកន្លងទៅថ្មីៗនេះ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង គ្រោង​នឹងដាក់ឲ្យដំណើ​​រការ​សាខា​ថ្មីរបស់​ខ្លួនបន្ថែម​ទៀត​នាពេលឆាប់ៗខាងមុខនេះ ស្របពេលកម្ពុជាមានការវិវត្តឥតឈប់ឈរនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារ។

ធនាគារ ជីបម៉ុង ខមមើសល ប៊ែង​​ សាខាព្រះនរោត្តមនេះនឹងមានទីតាំងស្ថិតនៅអគារលេខ​៩៩​ តាមបណ្តោយ​មហា​វិថី​ព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​ ធនាគារ ជីបម៉ុង ខមមើសលប៊ែង​ សាខា​ព្រះនរោត្តមនេះ នឹងមានទីតាំងធំទូលាយ ស្ថិតនៅចំនុចកណ្តាល​នៃសង្កាត់ពាណិជ្ជកម្ម​ដែលអាចបម្រើសេវា កម្មជូន​អ​តិថិជន​ប្រកបដោយភាព​ងាយស្រួល ឆាប់រហ័ស និងប្រកបដោយផាសុកភាព។

ធនាគារ​ ជីប ម៉ុង ខមមើសល ប៊ែង បានជ្រើសរើសយកប្រព័ន្ធឌីជីថលឈានមុខគេជាយុទ្ធសាស្រ្តគោលរបស់ខ្លួន និង​ ការផ្តល់សេវាធនាគារអេឡិចត្រូនិកដែលមានភាពរលូន និង ងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់កាត កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ផ្ទាល់ និង មានសុវត្ថិ​ភាពជាងគេ​​​រាល់​ប្រតិបត្តិការហិរញ្ញវត្ថុ។

ការបោះជំហានចូលប្រឡូកក្នុងវិស័យហិរញ្ញវត្ថនៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ក៏ដូចជាការពង្រីកសាខា​របស់ខ្លួនបានបង្ហាញថា ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បាននឹងកំពុងតែដើរតួនាទីយ៉ាងសកម្មក្នុងក្នុងការគាំទ្រ ដល់ការរីកលូតលាស់នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុដែលនឹងចូលរួមចំណែកជួយឲ្យកម្ពុជាសម្រេចគោលដៅ​ជាប្រទេសសេដ្ឋកិច្ចឌីជីថល ក្នុងឆ្នាំ២០២៣។
គួរបញ្ជាក់ថាធនាគារ ជីប ម៉ុង ខមមើសលប៊ែង គឺជាពាណិជ្ជកម្មទី១២ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងកម្មវិធីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២១ ខែមករា​ ឆ្នាំ២០១៩៕

អត្ថបទពាណិជ្ជកម្ម