ខេត្តពោធិ៍សាត់៖ ក្រោយពីទទួលពាក្យបណ្ដឹងស្រ្តីរងគ្រោះ សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១១ និង៣៥នាទីព្រឹក ថ្ងៃអង្អារ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៩ ពាក់ព័ន្ធករណីរំលោភបានសម្រេច ។
ជនសង្ស័យឈ្មោះ ហ៊ិន ដា ហៅហ៊ាង ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ។

ក្នុងបណ្ដឹងរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ហ៊ិន ដា ហៅហ៊ាង បានទិញស្រាថ្នាំចំនួន២លីត្រ យកមកផឹកនៅខ្ទមចំការជាមួយជនរងគ្រោះ ផឹកអស់កន្លះលីត្រ ជនរងគ្រោះស្រវឹង ក៍ចូលទៅដេក ។ មួយសន្ទុះក្រោយមក ជនសង្ស័យបានចូលទៅតាមក្រោយ ចាប់ជនរងគ្រោះរំលោភរហូតបានសម្រេច។

ក្នុងបណ្ដឹងដដែលបន្តថា ក្រោយរំលោភបានសម្រេចរួចរាល់ ជនសង្ស័យចេញមកអង្គុយផឹកស្រាបន្តទៀត អស់រយ:ពេលប្រហែលកន្លះម៉ោង ទំនងមិនអស់ចិត្ត ក៏ចូលទៅសុំរំលោភម្ដងទៀត តែជនរងគ្រោះប្រកែក ហើយបានស្រែកហៅកូនស្រីរបស់ជនសង្ស័យដែលកំពុងចិញ្ច្រាំដំឡូងមីក្បែរនោះអោយមកជួយ ។

ពេលនោះ កូនស្រីជនសង្ស័យ ក៏មកទាន់ ឃើញជនសង្ស័យជាឪពុកកំពុងចាប់រំលោភជនរងគ្រោះ ទើបជនសង្ស័យងើបដើរចេញពីកន្លែងកើតហេតុ។ ឃើញបែបនេះ កូនស្រីរបស់ជនសង្ស័យ បានទូរស័ព្ទទៅប្រាប់ម្ដាយរបស់ខ្លួនអោយដឹងពីរឿងនេះ។ លុះវេលាម៉ោង៦ និង ០០នាទីល្ងាចថ្ងៃដដែល ប្រពន្ធជនសង្ស័យឈ្មោះអឿន បានមកវាយតប់ជនរងគ្រោះអោយរងរបួសស្រាល។ លុះដល់រសៀលទី១០ ខែកុម្ភ: ឆ្នាំ២០១៩ ឈ្មោះ អឿន ប្រពន្ធជនសង្ស័យ ក៍បានមកវាយធ្វើបាបជនរងគ្រោះម្ដងទៀត បណ្ដាលឲ្យបែកថ្ងាស ហូរឈាម និងជាំខៀវថ្ពាល់ខាងឆ្វេង ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកសាងសំណុំរឿង នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់ការបន្តតាមនីតិវិធី៕
សហការី KBN