ស្ត្រី​អ្នកគ្រប់គ្រង​ហាង​កែ​សម្ផស្ស​ម្នាក់ និង​ស្វាមី​បាន​ធ្វើ​ទារុណកម្ម​មក​លើ​អ្នកបម្រើ​ស្រី​ម្នាក់​ជនជាតិ​មី​យ៉ា​ន់​ម៉ា ដោយ​បង្ខំ​ឱ្យ​នាង​ធ្វើការ បង្អត់អាហារ ប្រើ​ហិង្សា រួម​ទាំង​ចាក់ទឹក​ក្តៅ​លើ​ខ្លួន​នាង និង​បង្ខំ​ឲ្យ​ផឹកទឹក​កខ្វក់​(​ទឹក​ជូត​ផ្ទះ​) លាយ​ជាមួយ​ម្សៅ​សាប៊ូ ។

ស្ត្រី​អ្នកគ្រប់គ្រង​ហាង​សាឡ​ន​មួយ នៅ​ផ្សារ​ទំនើប គឺ​អ្នកស្រី លី​ន​ដា សៀរ​លី​ស៊ី អាយុ​៣៩​ឆ្នាំ ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់គុក​០៣​ឆ្នាំ កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ២០១៩ ម្សិលមិញ​នេះ បន្ទាប់​ពី​ចៅក្រម​ប្រទេស​សិង្ហ​បុរី រក​ឃើញ​ថា ស្ត្រី​ជាប់​សង្ស័យ មាន​ពិរុទ្ធ​ពី​បទ​រំលោភ​បំពាន លើ​អ្នកបម្រើ​ជនជាតិ​ភូមា​ម្នាក់ ឈ្មោះ Phyu Phyu Mar ហើយ​ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​បង់ប្រាក់​សំណង​ចំនួន ១១,៨០០​ដុល្លារ​សិង្ហ​បុរី ប្រមាណ​ជា ៨,៦៨៤ ដុល្លារ​អា​មេ​រិ​ក ផង​ដែរ ។

លោក​ចៅក្រម Olivia Low បាន​និយាយ​ថា “​ការ​មិន​សប្បាយចិត្ត​របស់​អ្នកស្រី​លី​ន​ដា ជាមួយ​ការងារ​របស់​ជន​រង​គ្រោះ មិន​គួរ​បង្ហាញ​ពី​អំពើ​ហឹ​ង្សា​ប្រឆាំង​នឹង​ជន​រង​គ្រោះ នោះ​ទេ​…” រហូត​មក​ដល់​ពេល​នេះ នាង​នៅ​តែ​មាន​ស្នាម​របួស នៅ​លើ​ស្មា​ខាងឆ្វេង នៅឡើយ ។

លោក​ចៅក្រម រក​ឃើញ​ថា គូ​ស្វាមីភរិយា​ជនជាតិ​សឹ​ង្ហ​បុរី មួ​យ​គូ​នេះ មាន​ពិរុទ្ធ​ពី​បទ​រំលោភ​បំពាន​ចំនួន​៥​ករណី ហើយ​មួយ​ករណី បង្ខំ​ឱ្យ​ស្ត្រី​បម្រើ ផឹកទឹក​កខ្វក់​(​ទឹក​ជូត​ផ្ទះ​)លាយ​ជាមួយ​ម្សៅ​សាប៊ូ ។

លោក​ចៅក្រម ថ្លែង​ថា ប្ដី​របស់​អ្នកស្រី​លី​ន​ដា គឺ​លោក លី​ម តូន​ឡេ​ង អាយុ​៤៤​ឆ្នាំ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​០៦​ស​ប្ដា​ហ៍​ផង​ដែរ ។ លោក លី​ម ត្រូវ​បាន​បង្គាប់​ឱ្យ​បង់ប្រាក់​ចំនួន​៥០០​ដុល្លារ ។ ដោយសារ​តែ​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ លោក លឹ​ម បាន​ដាល់​មុខ នារី​អ្នកស្រី ចំនួន​ពីរ​ដង ខឹង​ថា នាង​បាន​បោះចោល ស៊ុម​រូបថត​របស់​គាត់ ។

គូ​ស្វាមីភរិយា​ជនជាតិ​សឹ​ង្ហ​បុរី ដែល​មានកូន​ស្រី​ម្នាក់ អាយុ​០៥​ឆ្នាំ បាន​ប្រព្រឹត្ត​បទល្មើស នៅ​ក្នុងផ្ទះ​របស់​ពួក​គេ ចន្លោះ​ពី​ខែសីហា ដល់​ខែតុលា ឆ្នាំ​២០១៦ រហូតមក ។

តុលាការ បានរកឃើញ​ទៀត​​ថា អ្នកបម្រើ​ជនជាតិ​ភូមា នាង​មិន​បាន​ទទួល​ប្រាក់បៀវត្ស ប្រចាំខែ ចំនួន​ជាង​៥០០​ដុល្លារ​អា​មេ​រិ​ក អស់​រយៈពេល​ជា​យូរ​ខែ​មក​ហើយ ។ ហើយ​ទម្ងន់​របស់​នាង ក៏​ធ្លាក់​ចុះ​ពី​៥០​គីឡូក្រាម មក​សល់​ត្រឹម​៣៨​គីឡូក្រាម ដោយសារ​តែ​ខ្វះ​ចំណីអាហារ ។

យ៉ាងណា អ្នកស្រី លី​ន​ដា មាន​បំណង​ប្តឹង​ឧទ្ធរណ៍ ប្រឆាំង​នឹង​ការ​ផ្តន្ទាទោស​និង​សំណង​នេះ ខណៈ​ដែល​លោក​លឹ​ម ក៏​នឹង​ប្តឹង​ជំទាស់​នឹង​ការ​ផ្តន្ទាទោស​របស់​គាត់​ដែរ ៕