កោះកុង៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលរស់នៅក្នុងទីរួមខេត្តកោះកុង និងមួយផ្នែកនៅស្រុកមណ្ឌលសីមា កំពុងតែបន្ដជួបបញ្ហាអត់មានទឹកប្រើប្រាស់​ អស់រយៈពេលជិត១០ថ្ងៃមកហើយ ធ្វើឲ្យពួកគាត់ជួបផលលំបាកយ៉ាងខ្លាំង ដែលត្រូវអោយគាត់សន្សំសំចៃទឹកនៅក្នុងពាង ឬអាង។

ចំពោះមូលហេតុអំពីករណីអត់មានទឹកប្រើប្រាស់ ជូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅទីរួមខេត្តកោះកុងខាងលើនេះ មិនទាន់មានការបញ្ជាក់ អំពីមូលហេតុច្បាស់លាស់ពីខាងមន្ទីរឧស្សាហ៍កម្ម និងសិប្បកម្មខេត្ត និងមន្ដ្រីជំនាញខេត្ត នៅឡើយនោះទេ ជុំវិញករណីនេះ។

ប្រជាពលរដ្ឋនៅទីរួមខេត្តកោះកុងបានឲ្យដឹងថា ពួកគាត់អត់មានទឹកប្រើប្រាស់អស់រយៈពេលជិត១០ថ្ងៃមកហើយ រហូតមកដល់ថ្ងៃនេះ ដែលធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង ដោយបច្ចុប្បន្នត្រូវប្រើទឹកនៅក្នុងពាង ឬអាងដែលបានស្តុកទុក និងបានបូមកាលពីពេលកន្លងទៅ។

បើតាមប្រជាពលរដ្ឋកង្វះខាតទឹកប្រើប្រាស់ អាចនឹងអូសបន្លាយរហូត ដល់មួយសប្តាហ៍ទៀតឯណោះ ដូច្នេះពួកគាត់សូមអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធព្រមទាំងរដ្ឋាករទឹក និងក្រុមហ៊ុនលីយ៉ុងផាត់ គ្រុប ដែលជាអ្នកផ្តត់ផ្តង់ទឹកនោះ មេត្តាពន្លឿនបញ្ហានេះផង។

សូមជម្រាបផងដែរថា កាលពីខែមុនករណីអត់មានទឹកប្រើប្រាស់នេះ ក៏មានការកើតឡើងរួចម្ដងមកហើយដែល ដោយកាលនោះប្រជាពលរដ្ឋអត់មានទឹកប្រើប្រាស់ អស់រយៈពេល១សប្តាហ៍ ដោយមូលហេតុទុយោមេនាំទឹក របស់ក្រុមហ៊ុនលីយ៉ុងផាត់ បានបែកនាំឲ្យទឹកបានបែកធ្លាយ នៅតំបន់ជ្រោះតាប៉ន។

ដោយពេលនោះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដាក់ចេញវិធានការដំណោះស្រាយ ជាបឋមនៅចំពោះមុខនោះ គឺអាចឲ្យសមត្ថកិច្ចដឹកទឹកចែកជូនប្រជាពលរដ្ឋសិនទំរាំ មន្រ្តីជំនាញ និងក្រុមហ៊ុនអាចទាញទឹកទៅចែកជូនបាន៕

សហការី KBN