ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​(ស៊ី​ម៉ាក់)មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា បាន​បំផ្ទុះ​ចោល​ហើយ នូវ​គ្រាប់បែក​បង្កៃ​នៅ​ក្នុង​កាស៊ីណូ​ហ្គោ​ល​ដិ​ន​ក្រោ​ន ក្រុង​ប៉ោយ​ប៉ែ​ត​(​ជាប់​ផ្លូវ​រថភ្លើង​) ដោយ​បាន​ប្រើ​បច្ចេកទេស​ដាក់​សំបក​កង់​ឡាន​ចាស់​ៗ​ជា​គំនរ​ជុំវិញ​គ្រាប់រួច​ក៏​ចុច​បំផ្ទុះ​ចោលដោយជោគ​ជ័យ ។

គ្រាប់​បង្កៃ​កំណត់ពេលបំ​​ផ្ទុះ​នេះ គេនៅ​មិន​ទាន់​ស្គាល់​ម៉ាក​នៅឡើយទេ​ ត្រូវ​បាន​កម្លាំង​ជំនាញ​ស៊ី​ម៉ាក់បំផ្លាញ​ចោល​ នៅ​​ម៉ោងជាង​៧​និង​៣០​នាទី យប់​ថ្ងៃ​ទី​១០ កុម្ភៈ ​២០១៩​នេះ បន្ទាប់​ពី​ជនសង្ស័យ​មិន​ទាន់​ស្គាល់​មុខ​លួច​បង្កៃ​ក្នុង​កាស៊ីណូ​ហ្គោ​ល​ដិ​ន​ក្រោ​ន ត្រូវ​បាន​បុរស​ម្នាក់​ប្រទះ​ឃើញ កាលពី​ល្ងាច​ថ្ងៃ​ខែ​ដដែល​ ។

គ្រឿងផ្ទុះ​ដែល​គេ​លួច​បង្កៃ​នេះ មាន​ទ្រនិច​ដើរអាច​ជា​គ្រឿងផ្ទុះ​កំណត់​ពេលវេលា មាន​ខ្សែភ្លើង​ក្រហម និង​ខៀវ មាន​លេខ ជានា​ទី​ដើរ​ថយក្រោយ ដាក់​ក្នុង​ប្រអប់​ពណ៌​ស​មួយ​រាង​បួន​ជ្រុង​ទ្រវែង ។

សូម​ជម្រាប​ថា គ្រឿង​បំផ្ទុះ​នោះ ត្រូវ​បាន​បុរស​ម្នាក់​ចូល​ទៅ​លេង​ហ្គេ​ម នៅ​ក្នុង​កាស៊ីណូ​ខាងលើ ហើយ​បាន​ចូល​ក្នុង​បន្ទប់ទឹក ស្រាប់តែ​ប្រទះ​ឃើញ​កញ្ចប់​ថង់​មួយ រួច​ហៅ​សន្ដិសុខ​កាស៊ីណូ​មក​ពិនិត្យ ទើប​សង្ស័យ​ថា​គ្រាប់បែក និង​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

ក្រោយ​ឃើញ​យ៉ាង​ដូច្នេះ​សន្ដិសុខ បាន​យក​មក​បោះចោល​នៅ​មាត់​លូ ខាងក្រៅ​កាស៊ីណូ ទើប​ហៅ​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ដ្រី​ស៊ី​ម៉ាក់ ចេញ​មក​អន្ដរាគមន៍ ។ នៅ​ម៉ោង​ជិត​៧​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ខាង​ជំនាញ​កម្ចាត់​មីន​ស៊ី​ម៉ាក់ បាន​ទៅ​ដល់ និង​ពិនិត្យ​ជាក់ស្តែង​ដែល​មិន​អាច​ទុក​យូរ​បាន គ្រាប់បែក​បង្កៃ​នោះ ត្រូវ​បាន​មន្ត្រី​ជំនាញ​បំផ្លាញ​ចោល​តាម​បច្ចេកទេស ដោយ​ដាក់​សំបក​កង់​រថយន្ត​ជា​ច្រើន ដើម្បី​បង្កា​អំបែង​គ្រាប់ ដោយ​មិន​បង្ក​បញ្ហា​គ្រោះថ្នាក់​អ្វី​ឡើយ គ្រាន់តែ​ប្រេះ​បែក​កញ្ចក់​ជ​ញ្ចាំ​ង​កាស៊ីណូ​តែ​ប៉ុណ្ណោះ​។ ក្រោយ​ការ​បំផ្ទុះ​តាម​ជំនាញ​របស់​ក្រុម​ស៊ី​ម៉ាក់​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ ចាំ​បាញ់​ទឹក​ចំណុច​បំផ្ទុះ​នោះ​ភ្លាម​ៗ​ផង​ដែរ ដើម្បី​បង្ការ​ភ្លើង​រាលដាល ។

ចំណែក​បុរស​ដែល​ប្រទះ​ឃើញ​គ្រឿងផ្ទុះ ក្នុង​បន្ទប់ទឹក​កាស៊ីណូ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សួរនាំ ប៉ុន្តែ​គេ​មិន​ទាន់​ប្រាប់​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ ។ ចំណែក​គ្រឿងផ្ទុះ​ដែល​ជន​មិន​ស្គាល់​មុខ​លួច​បង្កៃ ខាង​ជំនាញ​មិន​ទាន់​ប្រាប់​ឲ្យ​ដឹង​ថា ជា​ប្រភេទ​អ្វី និង​ផលិត​នៅ​ប្រទេស​ណា​នៅឡើយ​ដែរ ​៕​