ខេត្តកំពង់ឆ្នាំង៖ ពិតជាគួរឲ្យអាណិត និងសង្វេគណាស់ក្រោយពីបានដឹងរឿងរ៉ាវ របស់ស្ត្រីម្នាក់ ដែលគាត់បានកើតជំងឺដ៏ចម្លែក ហើយគាត់បានដើររកគ្រូខ្មែរ ក៏ដូចជាពេទ្យជាច្រើន អស់រយៈពេល៥ឆ្នាំមកហើយ តែជំងឺរបស់គាត់នៅតែមិនអាចធូរស្បើយឡើយ ធ្វើឲ្យមិត្តភក្តិដែលរៀនជាមួយគាត់តាំងពីតូចៗ ក៏ដូចជាអ្នកដែលបានស្គាល់ មានការអាណិតអាសូររូបគាត់ជាពន់ពេក ជាពិសេសជីវភាពរបស់គាត់កំពុងតែខ្វះខាតខ្លាំង។

យោងតាមម្ចាស់គណនីហ្វេសប៊ូកមួយ ដែលអះអាងថាជាមិត្តភក្តិរបស់ស្ត្រីខាងលើ បានបង្ហោះវីដេអូ ដោយរៀបរាប់ពីសភាពនៃជំងឺរបស់ស្ត្រីខាងលើ ដែលពោះគាត់មានលក្ខណៈធំខុសពីធម្មតា តែមិនមែនមានផ្ទៃពោះនោះឡើយ អ្វីដែលគួរឲ្យអាណិតនោះគឺពោះរបស់គាត់ហើម ស្ទើធ្លាយទៅហើយ តើគាត់ពិបាកទ្រាំប៉ុណ្ណាទៅ? ម្ចាស់គណនីហ្វេសប៊ូកខាងលើបានរៀបរាប់យ៉ាងដូច្នេះថា “សួស្តីមិត្តភក្តិក្នុងហ្វេសប៊ូកទាំងអស់ មិត្តភក្តិនាងខ្ញុំគាត់មានជំងឺព្យាបាលយូរហើយ តែមិនជា ពេលនេះគាត់ខ្វះខាតខ្លាំងណាស់ តិចក្តីច្រើនក្តីតាមសទ្ធារបស់បងប្អូន ខ្ញុំអាណិតគាត់ណាស់ ព្រោះគាត់ជាមិត្តធ្លាប់រៀនសាលាបឋមជាមួយគ្នា រហូតដល់អនុវិទ្យាល័យ” ។

ម្ចាស់គណនីហ្វេសប៊ូក ក៏បានអំពាវនាវដល់សប្បុរសជនណា ដែលមានចិត្តអាណិតអាសូរស្ត្រីជាមិត្តភក្តិរបស់គាត់ខាងលើ ហើយចង់ចូលរួមជាថវិការជួយសម្រាលទុក្ខគាត់ សូមទំនាក់ទំនងទៅកាន់អ្នកនៅក្បែរផ្ទះរបស់គាត់ (លេខទូរស័ព្ទ៖ 087 393325) ឬទំនាក់ទំនងទៅកាន់មិត្តរបស់គាត់ផ្ទាល់ (010 2155 9855) ៕