ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​រស់នៅ​ប្រទេស​ថៃ​ឲ្យ មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្យល់​កខ្វក់​ដែល​គ្របដណ្ដប់​ពេញ​ប្រទេស​ថៃ​។

តាម​រយៈ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ បានឱ្យ​ដឹង​ថា ដោយសារ​ឥទ្ធិពល​ខ្យល់​កខ្វក់ PM2.5 នៅ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ មានការ​កើន​ឡើងជា​លំដាប់ ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ខ្យល់​កខ្វក់​នៅ​ទីក្រុង​បាងកក និង​ខេត្ត​ជា​ច្រើន​ដូច​ជា​ខេត្ត សាមុទ្រ​ប្រា​កាន ខេត្ត សមុទ្រសា​ខន ខេត្ត​ន​ន្ទ​បុរី ខេត្ត​ណា​ខន​ប៉ា​ធុម​ជាដើម បាន​ធ្លាក់​ចុះ​ខ្លាំង​ដល់​កម្រិត​គ្រោះថ្នាក់ ដោយ​មាន​កម្ទេចធូលី​ជា​ច្រើន​ដែល​គេ​ស្គាល់ឈ្មោះ​ថា PM2.5 ដែល​ភាគល្អិត​នៃ​ធូលី​ដែល​មាន​ទំហំ​តូច​ជាង ២,៥​មីក្រូ​ម៉ែត្រ ហើយ​ត្រូវ​ចាត់​ទុក​ថា​មាន​គ្រោះថ្នាក់​បំផុត​ដោយសារ​ទំហំ​ដ៏​តូច​របស់​វា​អាច​ចូល​ជ្រៅ​ទៅ​ក្នុង​សួត និង​ប៉ះពាល់​សរីរាង្គ​ផ្សេង​ទៀត​។

ដូច្នេះ​សូម​បងប្អូន​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​ នៅ​ក្នុង​តំបន់​ដែល​មាន​បញ្ហា​នេះ មេត្តា​ប្រុង​ប្រយ័ត្ន និង​ការពារ​តាម​ការ​ណែនាំ​របស់​អាជ្ញារ​ធរ​ថៃ មេត្តា​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ គឺ​ត្រូវ​ពាក់​ម៉ាក់​ការពារ​ប្រភេទ​N95 នៅ​ពេល​ដែល​ធ្វើ​ដំណើរ ឬ​ធ្វើការ​នៅ​ទីវាល ជា​ពិសេស​បងប្អូន​ពលករ​ខ្មែរដែល​ធ្វើការ នៅ​ទីក្រុង​បាងកក និង​តាម​បណ្តា​ខេត្ត​រង​ឥទ្ធិពល ។

សូមជម្រាបថា ជិត​៤៥០​សាលារៀន ត្រូវ​បិទទ្វារ ខ្យល់ពុល​កំពុង​គ្រប់​ដណ្ដប់​ទីក្រុង​បាងកក