អ្នកស្រាវជ្រាវនៅប្រទេសប៉េរូ និយាយថា ដើមឈើមួយប្រភេទឈ្មោះ «Socratea Exorrhiza» ឬគេស្គាល់ជាទូទៅថា «ដើមដូងប្រេងនៅតំបន់ត្រូពិក» ដែលដុះក្នុងបរិវេណព្រៃនៅអាមេរិកកណ្តាល និងខាងត្បូង អាចដើរបានចម្ងាយចាប់ពី២សង់ទីម៉ែត្រ ទៅ៣សង់ទីម៉ែត្រក្នុង១ថ្ងៃ ហើយក្នុង១ឆ្នាំ វាអាចដើរបានរហូតដល់ជាង២០ម៉ែត្រឯណោះ ។ បើតាមការរៀបរាប់នេះ គឺវាមានលក្ខណៈស្រដៀងគ្នានឹងដើមឈើម្យ៉ាងឈ្មោះ អេន ក្នុងភាពយន្ត «The Lord of the Rings» ។

ការលើកឡើងថា ដើមឈើអាចដើរបាន ពុំមែនគ្មានមូលដ្ឋាននោះទេ ពីព្រោះកាលពីឆ្នាំ១៩៨០ អ្នកស្រាវជ្រាវម្នាក់ឈ្មោះ John H. Bodley និងម្នាក់ទៀតឈ្មោះ Foley C. Benson បានបង្ហាញរបាយការណ៍វិទ្យាសាស្ត្រមួយថា នៅព្រៃអាម៉ាហ្សូន ប្រទេសប៉េរូ មានដើមឈើមួយប្រភេទបានដើរចេញពីម្លប់ទៅរកកន្លែងមានពន្លឺថ្ងៃ ហើយវាក៏បានដុះឫសថ្មីជាបន្តបន្ទាប់ និងទុកឱ្យឫសចាស់ស្អុយរលួយ ។ ដូច្នេះ ព័ត៌មានដើមឈើអាចបម្លាស់ទី បានក្លាយជាទិន្នន័យមួយដែលបណ្តាមគ្គុទ្ទេសក៍ទេសចរនៅអាមេរិករៀបរាប់ឱ្យភ្ញៀវទេសចរស្តាប់រហូតដល់បច្ចុប្បន្ននេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtjZtTPPrEmZl5_WMUNCTWVU9ATQ49Rlx9Cy5avS5qIavfgwWk2Or3Orv3wsVUyI9NCFBd22P9FkUhySGkX6NBUbUKogF4uvcFflByMEsncAWgqvmOyddc9azkKlbRD39DZOF-Qph691VUA_ty7Ryc2S6YzCBKRhhSGfrfkjKM_4DIFK6fEqVtCwWcEBg/s500/AREC_socratea_exorrhiza_per_dnei1657_C1.jpg

តើការលើកឡើងថា ដើមឈើឈ្មោះ Socratea Exorrhiza អាចដើរបាន និងមានលក្ខណៈខុសប្លែកពីរុក្ខជាតិផ្សេងទៀត គឺជាការពិតដែរឬទេ? ប៉ុន្តែអ្នកវិទ្យាសាស្ត្រជាច្រើននាក់ប្រាប់ថា វាមិនមែនជាការពិតទេ ។

កាលពីឆ្នាំ២០០៥ Gerardo Avalos ជាអ្នកវិទ្យាសាស្ត្រតំបន់ក្តៅ និងនាយកមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទីក្រុង Atenas ប្រទេសកូស្តារីកា ព្រមទាំងជាអ្នកជំនាញឈានមុខលើពិភពលោក ពាក់ព័ន្ធនឹងដើមឈើ Socratea Exorrhiza ហើយបានបោះពុម្ពការស្រាវជ្រាវក្នុងទស្សនាវដ្តីឈ្មោះ Biotropica លើកឡើងថា ការពិត ដើមឈើ Socratea Exorrhiza ពុំអាចដើរបានទេ ហើយកម្លាំងខ្យល់ខ្លាំងបានវាយប្រហារលើវា ទើបធ្វើឱ្យវាផ្អៀង ។ បន្ទាប់មក វាក៏ដុះឫសថ្មីឡើងដើម្បីឱ្យដើមទាំងមូលមានលំនឹង ហើយផ្នែកខាងលើនៃដើមឈើបានងាកទៅរកពន្លឺថ្ងៃ គឺដូចគ្នានឹងដើមឈើផ្សេងទៀតដែរ ប៉ុន្តែគល់ឈើពុំបានផ្លាស់ទីឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcF4ZLkyz14jRaSEqM25wFoZZtSdcy4QSxT1TTaOURwaohrqX3GJcN70Mzduz42QS_Dz1ajJJE940IXk1w96nwhhz9I-iuEccMLdaBGu6F9mhU1WIC8kLmtsdm_Kr14qrDoIFkb1Kbg6Z-D45MTJ5Jx-snD5nnyliNxrZOMbcjOM-y25D00avytjEREA/s642/GettyImages-1149622821-642x434.jpg

ក្រោយមក នៅឆ្នាំ២០០៧ ការស្រាវជ្រាវមួយទៀតពាក់ព័ន្ធនឹងតួនាទីរបស់ឫសដើមឈើ Socratea Exorrhiza របស់អ្នកជំនាញផ្នែករុក្ខជាតិ ឈ្មោះ Gregory R. Goldsmith ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ។ លទ្ធផលនៃការស្រាវជ្រាវនេះ គឺដូចគ្នានឹងការស្រាវជ្រាវរបស់អ្នកជំនាញឈ្មោះ Gerardo Avalos ដែរ គឺដើមឈើនេះពុំអាចដើរបានទេ ។

ទោះយ៉ាងណា នៅតែមានការសង្ស័យថា បើដើមឈើនេះពុំអាចដើរទៅមុខបាន ហេតុអ្វីបានជាឫសរបស់វាដុះខ្ពស់បែបនេះ? កាលពីឆ្នាំ១៩៦០ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា បានជាដើមឈើ Socratea Exorrhiza ចេញឫសខ្ពស់ៗបែបនេះ គឺដើម្បីការពារដើមរបស់វាពីទឹកជំនន់ ។ ប៉ុន្តែពួកគេគ្មានភស្តុតាងបញ្ជាក់គ្រប់គ្រាន់ទេ ចំពោះការលើកឡើងបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6uHK0-W-47XaBD0ew95E_dzehpHxpUmNV-byidr1psOd4GPnrOhZEXE1mp3fCb0pyrDAB9dOSPseD0Ah4wrUI5KptBLG_JNmkBtfikmAbId9HepaXr7euUsPHgLNcFzWiEeIB1q5U-tKbZuDKYs1dtb4oz3awbZc5-eqBjB45ETS7IRjHZdmxRtF6T3o/s800/photo_2024-04-26_14-05-17.jpg

រហូតមកដល់ពេលបច្ចុប្បន្ន (ឆ្នាំ២០២៤) អ្នកស្រាវជ្រាវបានប្រកែកគ្នាថា ដើមឈើ Socratea Exorrhiza បានដុះឫសខ្ពស់ៗបែបនេះ ពីព្រោះវាចង់បង្កើនកម្ពស់បន្ថែមទៀត និងចង់ឱ្យដើមរឹងមាំល្អដើម្បីទទួលពន្លឺថ្ងៃកាន់តែច្រើន ។ ដូច្នេះ វានឹងអាចកាត់បន្ថយថាមពលដែលបានផ្គត់ផ្គង់ដើមរបស់វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhubQLUXE2qyyOB3fdfEhq-1zCKDdVNxC39l95zdjbJSDsrD9rMWA4knEc5X_VaPPyF3ZCIYQ4MvTb0cEJ9XJ98HSZS1Ia8vOTx2ysA8wBPruJWZI2iwGz0ILjMFnJLgrc3gbsto46quwVRt8gHLncEoVtnE4zI2c89I5_ayZlWFo8mSMW3FzXQDF0vhr0/s1279/Two-Walking-Palms_CC-License_Dr.-Alexey-Yakovlev_CC.jpg

បើទោះជាអ្នកវិទ្យាសាស្ត្រនៅតែបន្តស្រាវជ្រាវពីដើមឈើប្រភេទនេះនាពេលបច្ចុប្បន្នក្តី ប៉ុន្តែបណ្តាមគ្គុទ្ទេសក៍ទេសចរនៅតែរៀបរាប់ឱ្យភ្ញៀវទេសចរស្តាប់ថា វាជាដើមឈើអាចដើរបាន ហើយក្នុង១ឆ្នាំៗ វាអាចដើរបានក្នុងចម្ងាយជាង២០ម៉ែត្រ ។

វាជារឿងគួរឱ្យចម្លែកណាស់ និងធ្វើឱ្យបណ្តាអ្នកជំនាញប្រកែកគ្នាបន្តទៀត ហើយគេពុំអាចបញ្ជាក់បានថា តើវាពិតជាអាចដើរបានឬក៏អត់? ប៉ុន្តែមិនប្រាកដទេ នៅតំបន់ព្រៃផ្សេងទៀតដែលមនុស្សពុំទាន់ទៅដល់ គឺអាចមានដើមឈើខ្លះចេះដើរក៏ថាបាន ៕https://www.picturethisai.com/wiki-image/1080/152584850740609026.jpeg