ថៃ ៖ ផ្សែង​ពុល​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​ក្រុង​បាងកក​ចេញ​បទបញ្ជា​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​បិទ​សាលារៀន​ ៤៣៧ កន្លែង កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​អាជ្ញាធរ​ព្យាយាម​គ្រប់គ្រង​វិបត្តិ​ការ​បំពុល​មួយ ដែល​បាន​ជំរុញ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។

ក្រុង​បាងកក ជា​រាជធានី​របស់​ប្រទេស​ថៃ ត្រូវ​បាន​គ្របដណ្ដប់​ដោយ​អ័ព្ទ​ដ៏​ក្រាស់​អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ដោយ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស ។ ដោយសារ​តែ​វិបត្តិ​នេះ​កើតឡើង​រយៈពេល​យូរ​បែប​នេះ​ហើយ ទើប​មាន​ផ្ទុះ​ជា​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ថៃ ទៅ​កាន់​រដ្ឋាភិបាល​តាម​បណ្តាញ​សង្គម ។

ហេតុផល​ដែល​គេ​អះអាង​បង្ក​ឡើងជា​បញ្ហា​នេះ គឺ​រួម​មាន​ផ្សែង​ចេញពី​ចរាចរណ៍ ការ​សាងសង់​មិន​មាន​ភាពរឹងមាំ ការ​ដុត​កម្ទេច​ដំណាំ និង​ការ​បំពុល​ពី​រោងចក្រ​ដែល​ជាប់​នៅ​ក្នុង​ទីក្រុង ។

តែ​ទោះជា​យ៉ាងណា​ក្តី ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​នេះ អាជ្ញាធរ​បាន​បង្កើត​ពពក​ដើម្បី​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់ និង​បាញ់​ទឹក​ដើម្បី​ចាប់​យក​ការ​បំពុល​ខ្នាត​តូច ហើយ​ថែម​ទាំង​បាន​ស្នើ​សុំ​ឲ្យ​ប្រជាជន​កុំ​អុជ​ធូប និង​ក្រដាស​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ចិន ថែម​ទៀត​ផង ។

នៅ​ថ្ងៃ​ពុធ​ទី​៣០ មក​រា ឆ្នាំ​២០១៩ អាជ្ញាធរ​ថៃ​បាន​ប្រកាស​បិទទ្វារ​សាលា​រដ្ឋ​ទាំងអស់​ចំនួន ៤៣៧ កន្លែង ត្រូវ​បិទទ្វារ​ចាប់ពី​រសៀល​ថ្ងៃ​ពុធ​នេះ រហូត​ទៅ​ដល់​ថ្ងៃ​សុក្រ ទី​១ កុម្ភៈ ឆ្នាំ​២០១៩ ហើយ​បាន​កំណត់​ផ្ទៃដី​១,៥០០​គីឡូ​ម៉ែត្រការ៉េ នៃ​ទីក្រុង ជា​តំបន់​គ្រប់គ្រង ។

អភិបាលក្រុង​បាងកក​លោក Aswin Kwanmuang បាន​ថ្លែង​ថា “​ស្ថានការណ៍​នឹង​អាក្រក់​រហូត​ដល់​ថ្ងៃ​ទី​៣​ទៅ​ថ្ងៃ​ទី​៤​ខែកុម្ភៈ​ដូច្នេះ​ខ្ញុំ​សម្រេចចិត្ត​បិទ​សាលារៀន​”​។ លោក​បាន​បន្ថែម​ថា លោក​សង្ឃឹមថា វិធានការ​នេះ​នឹង​មិន​មាន​រថយន្ត​សាលា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទេ ។ លោក​បាន​បន្ត​ទៀត​ថា ខណ្ឌ​ចំនួន​៣ ក្នុង​ចំណោម​៤​របស់​ទីក្រុង​នេះ​ត្រូវ​បាន​រង​គ្រោះ​ខ្លាំង​ដោយ​ផ្សែង​អ័ព្ទ​។

លោក Aswin ក៏​បាន​និយាយ​ផង​ដែរ​ថា សាលាក្រុង​បាងកក អាច​នឹង​ចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ចេញ​ទៅ​ហាត់ប្រាណ នៅ​តាម​សួនច្បារ​សាធារណៈ​ទៀត​ផង ដោយសារ​តែ​កម្រិត​ឧស្ម័ន​ពុល​នៅ​មាន​ច្រើន ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន ។

គួរ​ជ្រាប​ថា បើ​តាម​ការ​វាស់​ស្ទង់​ពី​កម្រិត​គ្រោះថ្នាក់ នៅ​ពេល​នេះ ខ្យល់ពុល​ក្នុង​ទីក្រុង​បាងកក មាន​សភាព​អាក្រក់​ជាង​ទីក្រុង​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន​ទៅ​ទៀត ក៏​ប៉ុន្តែ​នៅ​គ្រាន់បើ​ជាង​ទីក្រុង​ដេ​លី​របស់​ប្រទេស​ឥណ្ឌា​៕