រាជធានីភ្នំពេញ ៖ នៅម៉ោង​០៧និង៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ មាន​ករណី​ចោរកម្ម​លួច​ចូល​ផ្ទះ​គាស់​ទំ​លុះ​ទំលាយ​យកសម្ភារៈ​មាន​តម្លៃ ព្រមទាំង​ប្រាក់​ដុល្លា​អា​មេ​រិ​ក មួយ​ចំនួន​ធំ និង​រថយន្ត​ទំនើប​ម៉ាក លុ​ច​ស៊ី​ស​៥៧០ មួយ​គ្រឿង នៅ​ចំណុច​ផ្ទះ​លេខ​២៨ ផ្លូវ​D០១ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​។

បើតាមហ្វេសប៊ុកផេករបស់កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អោយដឹងថា ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​សែន​សុខ រួម​ជាមួយ ការិយាល័យ​បទល្មើស ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អាវុធហត្ថ​ខណ្ឌចំការមន និង​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​សហការ​គ្នា​បើក​ការ ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូត​កំណត់​មុខសញ្ញា​បាន និង​ឃាត់ខ្លួន ជនសង្ស័យ០២​នាក់ ឈ្មោះ អាត រ​ដ្ឋា និង​ឈ្មោះ ពូន សុខ​គន្ធ ព្រមទាំង​ដកហូត​រថយន្ត ០១​គ្រឿង ម៉ាក ​Rav4 ក៏​ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​សារភាព និង​សហ​ការណ៍​ផ្តល់​ព័ត៌មាន ដល់​សមត្ថកិច្ច​ឡើយ ​។

ដោយ​វិធាន​ការណ៍​ជំនាញ នៅ​វេលា​ម៉ោង​០២​និង​៣៥​នាទី​រំលង​អ​ធ្រា​ត ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​កំណត់​គោលដៅ និង​រក​ឃើញ​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក Luxis ៥៧០ ដែល​ជនសង្ស័យ​យក​ទៅ​លាក់​ទុក​ក្នុងផ្ទះ​គ្មាន​លេខ ផ្លូវ​៤៨BT ភូមិ​ក្បាល​ទំនប់​១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ត្រលប់​មក​វិញ​ប្រគល់​ជូន​ជន​រង​គ្រោះ ។

វិធានការ​ជំនាញ​បន្ត អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ស្រាវជ្រាវ​ឃើញ​ថា ឈ្មោះ អាត រ​ដ្ឋា គឺជា​ជន​ដៃដល់​ដែល​បាន​ចូល​លួច ទ្រព្យសម្បត្តិ និង​រថយន្ត​ផ្ទាល់ ជាមួយ​ដៃគូរ​ម្នាក់​ផ្សេង​ទៀត ឈ្មោះ សុខ វ​ណ្ណា ​។ ហើយ​ឈ្មោះ អាត រ​ដ្ឋា នេះ ធ្លាប់​ជាប់គុក ០២​ដង​រួច​មក​ហើយ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​ទំនើប​ៗ​ យ៉ាង​សកម្ម​នៅ​តាម​បុរី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​លើក​ទី​១ នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ និង ឃាត់ខ្លួន​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧​ ។ ក្នុង​ដើមឆ្នាំ​២០១៩ នេះ ឈ្មោះ អាត រ​ដ្ឋា ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ជា​លើក​ទី​៣ រីឯ​ដៃគូរ​ឈ្មោះ សុខ វ​ណ្ណា ដែល​បាន​ចូលរួម​លួច​ជាមួយ​គ្នា កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ គឺ​ទើប​ចេញពី​គុក​ជាមួយ​គ្នា​កាលពី ០៤​ខែ​មុន បច្ចុប្បន្ន​បាន​គេចខ្លួន​រួច​។ រាល់ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ម្តង​ៗ ឈ្មោះ អាត រ​ដ្ឋា បាន​ប្រើ​ឈ្មោះ​ផ្សេង​ៗ​គ្នា រួម​មាន ឈ្មោះ​អាត រ​ដ្ឋា ឬ គង់​មាន ឬ រុំ រ​ដ្ឋា ហៅ​មាន ឬ​ប៉ូ​យ​។

ឈ្មោះ អាត រ​ដ្ឋា បាន​សារភាព​បន្ថែម​ថា ក្នុងអំឡុងពេល​ជាប់​ពន្ធនាគារ រូបគេ​ជាមួយ​ឈ្មោះ សុខ វ​ណ្ណា តែងតែពិភាក្សា​គ្នា​អំពី​វិធីសាស្ត្រ​ក្នុង​ការ​លួច វិធីសាស្ត្រ​គេច​ពី​សមត្ថកិច្ច វិធីសាស្ត្រ​ឆ្លើយ​ដោះ​បន្ទុក​ពេល​សមត្ថកិច្ច​ចាប់​បាន និង​វិធីសាស្ត្រ​ឆ្លើយ​សម្រាលទោស​នៅ​ចំពោះ​មុខ​តុលាការ​ ។

លុះ​ពេល​រូបគេ​និង​ឈ្មោះ សុខ វ​ណ្ណា ចេញពី​ពន្ធនាគារ ក៏​ចាប់ដៃ​គ្នា អនុវត្តន៍​ផែនការ​លួច​ និង​វិធីសាស្ត្រ​ទាំងឡាយ​ដែល​បានពិភាក្សា​គ្នា​ក្នុង​ពន្ធនាគារ រហូត​ចុង​ក្រោយ​ក៏​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជា​លើក​ទី​៣​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ក្នុង​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ ដោយ​ចោទ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​មិន​រាងចាល ៕