រាជធានី​ភ្នំពេញ ៖ កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២២ មក​រា ២០១៩ មាន​កុមា​រា​រង​គ្រោះ​ម្នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេសវៀតណាម និង​កំពុងបន្ត​សម្រាក​ព្យាបាល ព្រោះដំបូង​ឡើយ​ក្មេង​ប្រុស​រង​គ្រោះ​រលាក​បំពង់ក​ទេ រួច​ហើយក៍​ទៅ​ផ្សំ​ថ្នាំលេប ក្រោយ​លេបថ្នាំ​បាន​បួន​ម៉ោង ក៏​មាន​សភាព​ដូច​ក្នុង​រូប​យ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ ។

បើ​តាម​ប្រភព​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sinaroth Ran ត្រូវជា​ក្រុម​គ្រួសារ​របស់​កុមា​រា​រង​គ្រោះ បាន​សរសេរ​ថា «​ដំបូង​រលាក​បំពង់ក​ទេ រួច​ហើយក៍​ផ្សំ​ថ្នាំលេប ក្រោយ​លេបថ្នាំ​បាន​បួន​ម៉ោង ហើយ​ក្លាយទៅជា​ចឹ​ង ទៅ​មិនដឹង​កើត​អី​ទេ សូម​បងប្អូន​ពូ​មីង​ជួយ គាត់​ផង​» ។

លោក Sinaroth Ran ក៏​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា​នេះ​ថា «​ខ្ញុំបាទ​តំណាង​អោយ​ក្រុម​គ្រួសារ​ក្មួយ​ប្រុស សូម​អរគុណ​ចំពោះ​បងប្អូន​ពូ​មីង​យាយ​តា ដែល​បាន​ព្រួយ​បារ​ម្ម​ណ៍​ពី​ជំងឺ​របស់​ក្មួយ​ប្រុស សូម​ជំរាប​ជូន​ថា ឥឡូវនេះ​ស្ថានភាព​ជំងឺ​ក្មួយ​ប្រុស​មាន​សភាព​ធូរស្រាល​ជាង​មុន​បន្តិច​ហើយ នឹង​ក៍​កំពុង​សំរាក​ព្យាបាល​បន្ត​ដែរ សូម​អរគុណ​» ។

ទោះជា​យ៉ាងណា អ្នក​សារព័ត៌មាន​យើង​នៅ​មិន​ទាន់​បាន​សុំ​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​របស់​ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ទេថា មានជំងឺអ្វីប្រាកដ?​ ខណៈកុមា​រា​រង​គ្រោះកំពុងសម្រាកព្យាបាល នៅប្រទេសវៀតណាម នៅឡើយ​ ៕

​​វិធីសម្គាល់ឱសថ​ក្លែងក្លាយ

ការ​ប្រើប្រាស់​ឱសថ​(​ថ្នាំ​)​ក្លែងក្លាយ​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​យើង​មិនដឹង​ថា វា​មាន​ប្រភព​មកពីណា​ឱ្យ​ពិតប្រាកដ ហើយ​អ្វី​ទៅ​ជា​សារធាតុ​ផ្សំ​របស់​វា តើ​វា​ត្រូវ​បាន​រក្សា​ទុក​នៅ​សីតុណ្ហភាព និង​ទីកន្លែង​ត្រឹមត្រូវ​ដែរ​ឬទេ ? ពេល​ខ្លះ​វា​អាច​ធ្វើ​ឱ្យ​ជំងឺ​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​លើស​ដើម ។

ចំពោះ​ផល​ប៉ះពាល់ ពី​ការ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ គឺ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ និង​សុខភាព​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​អ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ដោយ​កម្រិត​ប្រតិកម្ម ដែល​ធ្វើ​ឱ្យ​មាន​កន្ទួល រមាស់​លើ​ស្បែក រាគ ឬ​ឈាន​ដល់​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្លូវដង្ហើម រហូត​បាត់​បង់ជីវិត​ជាដើម ។

គ្មាន​នរណា​ម្នាក់​ចង់​ប្រើប្រាស់​ថ្នាំ​ក្លែងក្លាយ​ទេ អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​យើង​ពិបាក​ក្នុង​ការ​បែងចែក​ពី​ភាព​ខុស​ប្លែក​គ្នា​រវាង​ថ្នាំ​ស្របច្បាប់ និង​ថ្នាំ​ក្លែងក្លាយ ដូច្នេះ​ហើយ​សារព័ត៌មាន KBN សូម​លើកយក​ចំណេះដឹង​ខ្លះ​ៗ​មក​បង្ហាញ​ជូន​ថា​«​សម្រាប់​ឱសថ​ក្លែងក្លាយ សំដៅ​ដល់​ប្រភេទ​ឱសថ​ដែល​គ្មាន​សារជាតិ​សកម្ម ឬ​មាន​សារជាតិ​សកម្ម មិន​ត្រឹមត្រូវ​តាម​រូបមន្ដ ឬ​មិន​គ្រប់​ចំនួន​តាម​កម្រិត​កំណត់ ហើយ​មានការ​វេច​ខ្ចប់ រចនា​បទ អត្ដសញ្ញាណ​ម៉ាក ស្រ​ដៀង ឬ​ដូច​គ្នា​នឹង​ឱសថ​ពិត​មួយ​ផ្សេង​ទៀត ។ ហើយ​ឱសថ​ក្លែងក្លាយ​ទាំងនោះ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួងសុខាភិបាល​ទេ​» ។

ដើម្បី​សម្គាល់ថា ឱសថ​ក្លែងក្លាយ មាន​វិធីសាស្ដ្រ​ដូច​ជា ៖ ទី​១ ធ្វើ​វិភាគ​បឋម ឬ​ពិនិត្យ​រូបរាង​ជាក់ស្ដែង​(​មើល ហិត ស្ដាប់ ដឹង​ពី​អ្នក​ប្រើប្រាស់​), ទី​២ គ្រឹះស្ថាន​ផលិត​-​គ្រឹះស្ថាន​អាហរ័ណ​-​នីហរ័ណ​, ទី​៣ ធ្វើ​វិភាគ​នៅ​មន្ទីរពិសោធន៍​ថ្នាក់​ជាតិ​-​អន្ដរជាតិ ។

ការ​ត្រួតពិនិត្យ​មើលរូប​រាង​នៃ​ថ្នាំ (​បើប្រសិន​បើ​អ្នកទិញ​ជា​ប្រអប់​) អ្នក​គួរតែ​ពិនិត្យ​មើល​ប្រអប់​ថា តើ​វា​មាន​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ ឬ​ខុស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​បានឃើញ​ពី​មុន ? ពិនិត្យ​មើល​ប្រអប់​ថ្នាំ​ថា​តើ​វា​ត្រូវ​បាន​ហែក​ហើយ​ឬ​អត់​ ? ប្រសិនបើ​មាន​ស្នាម​ហែក សូមកុំ​ទិញ​វា ព្រោះ​វា​អាច​ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ ឬ​ប្រើ​ហើយ​។ (​ប្រសិនបើ​អ្នកទិញ​ជា​បន្ទះ​) អ្នក​គួរ​ពិនិត្យ​មើល​គ្រាប់​ថ្នាំ​ថា តើ​រូបរាង​ខាងក្រៅ​ដូច​ជា​ពណ៌ ទំហំ រាងរៅ​របស់​វា​ដូច​ថ្នាំ​ដែល​អ្នក​ធ្លាប់​ប្រើ​ពី​មុន​ឬទេ​ ? ហើយ​ក្លិន​វា​ឆួល​ជាង​មុន​ទេ ? ប្រសិនបើ​វា​ខុស​ពី​អ្វី​ដែល​អ្នក​បាន​ប្រើ​ពី​មុន កុំ​ទិញ​អី ព្រោះ​វា​អាច​ជា​ថ្នាំ​ក្លែងក្លាយ ។ អ្នក​ក៏​អាច​ពិនិត្យ​មើល​សារធាតុ​ផ្សំ​នៃ​ថ្នាំ ដើម្បី​ដឹង​ថា តើ​វា​ជា​ថ្នាំ​ស្របច្បាប់ ឬ​ក្លែងក្លាយ​ផង​ដែរ ?

កន្លែង​ទិញ​ថ្នាំ​ត្រូវ​ប្រាកដ​ថា អ្នកទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន​ដែល​ធំ និង​គួរ​ឱ្យ​ទុកចិត្ត ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​ទិញ​ចំ​ថ្នាំ​ក្លែងក្លាយ ។ ប្រសិនបើ​អ្នកទិញ​ថ្នាំ​ពី​អ្នកលក់ ដែល​លក់​នៅ​លើ​ឡានក្រុង តាម​ផ្លូវ ឬ​ពី​ហាង​តូច​ៗ វា​ទំនងជា​ថ្នាំ​ក្លែងក្លាយ​ហើយ ។

រីឯ​តម្លៃ​វិញ គឺជា​វិធី​មួយ​ផ្សេង​ទៀត ដើម្បី​ដឹង​ថា ថ្នាំ​នោះ​ក្លែងក្លាយ ឬ​ក៏​អត់​ ? ប្រសិនបើ​ថ្នាំ​នេះ​លក់​ក្នុង​តម្លៃ​ថោក ជាង​តម្លៃ​ដែល​អ្នក​ធ្លាប់​ទិញ​នោះ អ្នក​គួរតែ​ពិចារណា​ម្តងទៀត ព្រោះ​វា​ទំនងជា​ថ្នាំ​ក្លែងក្លាយ​ហើយ ។

បន្ទាប់​ពី​អ្នក​ប្រើ​ថ្នាំ ហើយ​ផល​ប៉ះពាល់​ពី​មុន​មក​អ្នក​មិន​ធ្លាប់​មាន​ទេ ប៉ុន្តែ​បែរជា​អ្នកមាន​ប្រតិកម្ម​អា​ឡែ​ស៊ី ឬ​ស្ថានភាព​សុខភាព​របស់​អ្នក​ហាក់ដូចជា កាន់តែ​អាក្រក់​ឡើង វា​អាច​បញ្ជាក់​បាន​ថា ថ្នាំ​ដែល​អ្នក​ប្រើ​គឺជា​ថ្នាំ​ក្លែងក្លាយ ។

សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ជៀស​ផុត​ការ​ទិញ​ឱសថ​ក្លែងក្លាយ ត្រូវ​ពិនិត្យ​មើល​លើ​ចំនុច​ដូច​ជា ៖ ត្រូវ​ទិញ​ឱសថ​មាន​បិទ លត​ប័ត្រ​ពី​ក្រុមហ៊ុន​មានច្បាប់ និង​មាន​វិក្កយបត្រ​, កុំ​ទិញ​ឱសថ​ណា ដែល​គ្មាន​ស្លាក​សញ្ញា​ច្បាស់លាស់ ដាក់​ក្នុង​ថង់​បា្ល​ស្ទិ​ក​, សំបក​កញ្ចប់​ថ្នាំ​ត្រូវ​មានឈ្មោះ​ក្រុមហ៊ុន ថ្ងៃ​កាលបរិច្ឆេទ​ត្រឹមត្រូវ​ច្បាស់លាស់ និង​មានការ​ចុះ​បិទ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​(ដូចមានក្នុងរូប​) ព្រោះ​អ្នកលក់​មិនមែន​ជា​អ្នក​ប្រើ ថ្នាំ​ក្លែងក្លាយ​មិន​មាន​សារធាតុ​ផ្សំ​ដូច​ថ្នាំ​ស្របច្បាប់​នោះ​ទេ ។ វា​អាច​មាន​ផល​ប៉ះពាល់​អាក្រក់​ដល់​សុខភាព​របស់​យើង ។ ដូច្នេះ​មុន​ទិញ ត្រូវ​ពិនិត្យ​មើល​ដោយ​ប្រុង​ប្រយ័ត្ន ប្រសិនបើ​មើលទៅ​ស្រ​ដៀង​ៗ​ឫ មាន​លក្ខណៈ​ណា​បញ្ជាក់​ថា​មិន​ត្រឹមត្រូវ សូម​រាយការណ៍​មក​សមត្ថកិច្ច​ជា​បន្ទាន់ ៕

(ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ថា​អត្ថបទ​ខាងលើ​នេះ អាច​ជា​ប្រយោជន៍ សូម​ធ្វើការ​ចែករំលែក​បន្ត​ទៅ​មនុស្ស​ជាទី​ស្រលាញ់ កុំអោយ​ខាតបង់​ពេល​ពេលវេលា ថវិកា និង​សុខភាព​ ដោយសារ​ទិញ​ឱសថ​ក្លែងក្លាយ!)