ខេត្តរតនគិរី៖ ក្រោយពីជួបគ្រោះថ្នាក់ ចរាចរណ៍ដ៏គួរឲ្យរន្ធត់កាលពីប៉ុន្មានម៉ោងមុននេះ តារាកំប្លែងនាយកុយ និងនាយក្រិន ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែពួកគាត់សំណាងល្អណាស់ ដែលមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ ឬ ប៉ះពាល់អាយុជីវិតនោះឡើយ ។

យោងតាមរបាយការណ៍ របស់នគរបាលនៅខេត្តត្បូងឃ្មុំ បានបញ្ជាក់ពីហេតុការណ៍ដែលបានកើតឡើងនោះថា រថយន្តម៉ាកឡង់គ្រីស័រ ពណ៍ស ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយឈ្មោះ ជួង ជី(ហៅនាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង (របួសកែងដៃស្តាំលក្ខណៈស្រាល) អ្នករួមដំណើរឈ្មោះ ទេស សុជន(នាយក្រិន) ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង(គ្មានរបួស) ។

មុនពេលកើតហេតុ ទិសដៅរថយន្តរបស់តារាកំប្លែងទាំង២នាក់ខាងលើ បានបើកបរពីខេត្តរតនគរី ឆ្ពោះទៅកាន់ក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានបែកកង់ រេចង្កូតបុកដើមឈើដោយខ្លួនឯងតែម្តង។ ករណីនេះ មិនមាននរណាម្នាក់មានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ៕