ក្រោយពីមានការភ្ញាក់ផ្អើល និងការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់ប្រជាជនខ្មែរស្ទើទូទាំងប្រទេស ទៅលើវេបសាយដ៏ធំមួយ ឈ្មោះអាម៉ាហ្សូន (Amazon.com) ដែលបានដាក់លក់គម្របចានបង្គន់ ក្រណាត់ជូតជើង ដោយបានដាក់រូបទង់ជាតិខ្មែរ និងប្រាសាទបុរាណខ្មែរ ដោយមានចេតនាបន្ទាបបន្ថោកជាតិសាសន៍ និងស្នាដៃបុព្វបុរសខ្មែរនោះ ក្រសួងពាក់ព័ន្ធក៏បានប្រតិកម្មតបវិញ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដោយយោងតាមការស្រាវជ្រាវ និងរកឃើញថា នេះជាចេតនារបស់ក្រុមហ៊ុនមួយ ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ។

សេចក្តីប្រកាសព័ត៌មាន ឯកឧត្តម ឯកអគ្គរាជទូត ជុំ សុន្ទរី បានថ្លែងទាំងការតក់ស្លុតថា “«រូបភាពនៃប្រាសាទអង្គរដោយរួមមាន អង្គរវត្ត តាព្រហ្ម បាយ័ន ឬបឹងមាលា ដែល​ត្រូវ​បានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ និងទទួល​បានអត្ថ​ប្រយោ​ជ​ន៍​​ពីអង្គការអភិរក្សអន្តរជាតិ (UNESCO) ចាប់តាំងពីឆ្នាំ២០១៧ ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុ​មហ៊ុន ផលិតទំនិញមួយចំនួន ធ្វើជារូបភាពនៃផលិត​ផលដែល​បង្កភាពអាម៉ាស់ ក្នុងនោះ​មាន គម្របបង្គន់ កំរាលបន្ទប់ទឹក កំរាលជើងមុខបង្គន់ វាំងននងូតទឹក និង​កំរាល​ផ្ទះ​បាយ។ -លើសពីនេះទៅទៀត ក្រុមហ៊ុនផលិត​បានប្រើ​ប្រាស់វិធីគួរ​ឲ្យស្អប់​ខ្ពើម ដោយប្រើ​ប្រាស់​ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា សំរាប់ជាការរចនានៃកម្រាល​បន្ទប់ទឹក (កំរាលព្រំ និងបង្គន់)។”

«ព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសបណ្តាក្រុមហ៊ុនផលិត នៃផលិតផលទាំងអស់​នេះ និងទាមទារឲ្យក្រុមហ៊ុន Amazon បញ្ឈប់ជាបន្ទាន់នូវការលក់របស់ខ្លួន ដោយដក​ចេ​ញពីគេហទំព័រនូវផលិតផលទាំងនេះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសជាតិ និង​កិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតបានធ្វើការតវ៉ា និងការទាមទារ​ខាងលើ ជាមួយសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន Amazon កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩»។

ទោះជាយ៉ាងណាក្តី ករណីនេះ ឯកឧត្តមអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា លោកក៏បានធ្វើការផ្ញើលិខិតទៅកាន់ក្រុមហ៊ុន Amazon ដោយតវ៉ាចំពោះការលក់ផលិតផលទាំងនេះ នៅលើគេហទំព័ររបស់ក្រុមហ៊ុន ហើយបានសង្កត់ធ្ងន់ផងដែរថា “វាមិនមែនជាការចាំបាច់ទេ ក្នុងការទទូចលើចរិកលក្ខណៈថោកទាប នៃការប្រើប្រាស់នេះ ហើយការផ្សព្វផ្សាយផលិតផល ដែលបង្កភាពអាម៉ាសទាំងនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់” ជាដាច់ខាត ៕