បន្ទាយមានជ័យ៖ យើងដឹងហើយថា សេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកទៅលើវិស័យកសិកម្មខ្លាំង ដោយប្រជាជនប្រមាណ ៨០% ទៅ ៨៥% ជាកសិករ ហើយ កសិកម្ម ផ្ដល់ ៥០% នៃផលិតផលជាតិសរុប។ ផលិតផលកសិកម្ម រួមមានដំណាំរួមផ្សំ ៦៣% ការចិញ្ចឹមសត្វ ២៤% ការនេសាទ ១០% និងព្រៃឈើ ៣%។

យ៉ាងណាមិញ ទន្ទឹមនឹងនេះជារឿយៗក៏មានកសិករជាច្រើនបានត្អូញត្អែអំពីតម្លៃកសិផលរបស់ខ្លួន ដែលមានតម្លៃថោក បើធៀបទៅនឹងខ្ទង់ចំណាយ គឺអស់ច្រើន ដូចជាត្រូវប្រើប្រាស់ជី ថ្នាំ ជាដើម ជាក់ស្ដែងថ្មីៗនេះ ប្រជាកសិករជាច្រើនគ្រួសារនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្អូញត្អែរអំពីតម្លៃស្រូវចុះថោកហើយលក់មិនបាន ប្រាក់កម្រៃសម្រាប់ដោះស្រាយជីវភាពគ្រួសារ។

តាមសម្ដីកសិករនៅទីនោះបានឲ្យដឹងថា សព្វថ្ងៃនេះ សូម្បីតែស្រូវសែនក្រអូប ដែលជាប្រភេទស្រូវមានតម្លៃ ក៏ចុះថោកមកនៅត្រឹមតែជាង ៦០០ រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ហើយប្រសិនបើស្រូវនេះសុទ្ធល្អ ស្អាតឥតខ្ចោះ ឈ្មួញហ៊ានទិញក្នុងតម្លៃ ជាង១ពាន់រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃប៉ុននេះ មិនអាចរួចដើម នៃការចំណាយ ដែលមួយហិកតារ ត្រូវចំណាយយ៉ាងហោចណាស់ក៏ ៦០០ដុល្លារដែរ ។
ប្រជាពលរដ្ឋបានអះអាងថា បច្ចុប្បន្ននេះ តម្លៃទិន្នផលស្រូវរបស់ពួកគាត់ថោកខ្លាំងជាងឆ្នាំមុនៗ ខណៈដែលការចំណាយច្រើន និងប្រើកម្លាំងក៏ច្រើនដែរ ។

ផ្ទុយពីប្រជាពលរដ្ឋលើកឡើងខាងលើ លោក រ័ត្ន ដាស៊ីណាង អភិបាលស្រុក មង្គលបូរី បាននិយាយថា តាមពិតតម្លៃស្រូវពុំបានចុះថោកឡើយ ដែលហេតុស្រូវធ្លាក់ចុះដល់តម្លៃ ៦០០រៀល ទៅ ៧០០ក្នុងមួយគីឡូក្រាម ដោយសារតែប្រជាកសិករធ្វើស្រូវមិនបានផលល្អ ជាក់ស្ដែងពេលដែលស្រូវចេញផ្កា ប្រជាពលរដ្ឋខ្វះទឹកចាក់បំពេញស្រែ ទើបស្រូវទំចេញគ្រាប់មិនល្អ ហើយបើស្រូវល្អ នោះក៏នឹងបានតម្លៃថ្លៃគួរសមដែរ ។

លោក អភិបាលស្រុករូបនេះបានបន្ថែម ទៀតថា ទោះជាបច្ចុប្បន្នថ្វីបើប្រជាពលរដ្ឋលក់ស្រូវមិនបានថ្លៃដូចឆ្នាំមុនៗយ៉ាងណាក្ដី ក៏ប្រជាពលរដ្ឋមិនមានជីវភាពលំបាកលំបិនដែរ ព្រោះព្រោះ​កសិករ​បាន​ប្រមូល​ផល​ស្រូវ​លើកទីមួយ​រួច​ម្ដង​ហើយ ទទួល​បាន​ទិន្នផល​ល្អ ដូច្នេះ​ពួកគាត់​អាច​យក​ប្រាក់​ចំណេញ​ពី​លើកទីមួយ​មក​ទូទាត់​គ្នា​បាន គ្រាន់តែ​មិន​បាន​ប្រាក់ចំណេញ​ច្រើនតែ​ប៉ុណ្ណោះ ។
ទោះជា​យ៉ាងណា​កសិករ​មួយ​ចំនួន​អះអាង​ថា ការ​ប្រមូល​ផល​ស្រូវ​ទាំង​២​លើក ក៏​ពួកគាត់​លក់​ស្រូវ​សង​ធនាគារ​មិន​គ្រប់​ដែរ ព្រោះ​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ធ្វើ​ដើមទុន​ដោយ​មាន​អត្រា​ការប្រាក់ ខណៈ​ដែល​ពួកគាត់​មានតែ​របប​ធ្វើស្រែ​តែមួយ​មុខ ដូច្នេះ​មិន​អាច​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​ទេ ៕