ព្រៃវែង៖ រឿងស្ពានអ្នលឿងទៀតហើយ គេឃើញមានរថយន្តស្ទូចខ្នាតយក្ស បានបើកឡើងស្ពានមិនរួចរអិលថយក្រោយ ប្រហែល៩០ម៉ែត្រ បុកបង្កាន់ដៃស្ពានហ្សឹបាសា បែកអស់១ផ្ទាំង បង្កការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង ហើយបានរអិលបណ្តាលឲ្យបាក់ដែកទីប១ដើម ប្រវែងជាង១០ម៉ែត្រ និងបែកបង្កាន់ដៃស្ពានអស់១ផ្ទាំងទៀត ទើបរថយន្តកល់ឈប់នៅស្ងៀម។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៣និង៥០នាទីទាបភ្លឺ ព្រឹកថ្ងៃទី១៥មករា នៅលើស្ពានហ្សឹបាសា ហៅស្ពានអ្នកលឿង ស្ថិតក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៌ ខេត្តព្រៃវែង។ រថយន្តបង្ក ជារថយន្តស្ទូចខ្នាតយក្សពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ ៥A ០៥២១ ចំណែកម្ចាស់បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តស្ទូច១គ្រឿងនេះមិនបានបើកឡើងស្ពានដោយខ្លួនឯងនោះទេ គឺរថយន្តនេះបានខូចទៅហើយ ប៉ុន្តែម្ចាស់បានហៅរថយន្ត១គ្រឿងផ្សេងទៀតមកអូសឡើងស្ពាន បំណងយកទៅជួសជុលនៅយានដ្ឋាន ក្នុងស្រុកលើកដែក ប៉ុន្តែគេប្រើខ្សែអូសតូចពេក ទើបពេលអូសឡើងជិតដល់កណ្តាលស្ពាន ខ្សែអូសបានដាច់ ធ្វើឲ្យរថយន្តស្ទូចរអិលថយក្រោយចុះពីលើស្ពានមកវិញ ហើយបានជ្រុលទៅបុកបង្កាន់ដៃស្ពាន បង្កជាគ្រោះថ្នាក់បែបនេះទៅ ហើយទាំងរថយន្តដែលមកអូស និងម្ចាស់ពេលឃើញបុកបែកបង្កាន់ដៃស្ពានបែបនេះ ទំនងជាភ័យខ្លាចសមត្ថកិច្ចចាប់ខ្លួន ទើបនាំគ្នារត់បាត់អស់ទៅ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

លោកស្រីអភិបាលស្រុក ពាមរក៍ រួមទាំងលោកអធិការស្រុកបានដឹកនាំកំលាំងនគរបាលស្រុក ចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ ៕

សហការី KBN