ភ្នំពេញ៖ មានអ្នកដំណើរ និងប្រជាពលរដ្ឋជាច្រើន ដែលឆ្លងកាត់ ក៏ដូចជារស់នៅ នៅតាមបណ្ដោយផ្លូវវេងស្រេងម្ដុំរោងចក្រដំបូលខៀវ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានត្អូញត្អែអំពីភាពអនាធិបតេយ្យពីសំណាក់នារីរកស៊ីផ្លូវភេទ ដែលនាំគ្នាឈរ អង្គុយកកកុញ តាមចិញ្ចើមផ្លូវ ខ្លះទៀតក៏ដើរប្រសេចប្រសាច ចាប់ម៉ូយពេញផ្លូវ ខណៈដែលពុំមានសមត្ថកិច្ច និងអជ្ញាធរចុះមកបង្រាបសកម្មភាពទាំងនេះឡើយ ។

យោងតាមប្រជាពលរដ្ឋម្នាក់ សុំមិនបង្ហាញឈ្មោះបានប្រាប់មកកាន់ក្រុមការងារ KBN ថា រៀងរាល់យប់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ តែងតែមាននារីរកស៊ីផ្លូវភេទជាច្រើននាក់ អង្គុយបណ្ដាក់គ្នាដូចខ្យង មានទាំងស្លៀកខ្លី ស្លៀកវែង មុខខ្មៅ មុខស គ្រប់ស៊េរី រង់ចាំម៉ូយ មកចចារយកទៅដេក ក្នុងតម្លៃចាប់ពី ១៥ដុល្លារ ទៅ ២៥ដុល្លារ ក្នុងមួយយប់ ប៉ុន្តែជាក់ស្ដែងពេលដេកបានតែមួយភ្លែត ក៏កូរភ្ញៀវចេញវិញបាត់ ហើយពេលខ្លះឈ្លោះជាមួយភ្ញៀវ បង្កទាំងការលំបាកដល់ម្ចាស់ផ្ទះសំណាក់ពិបាកក្នុងការគ្រប់គ្រងទៀតផង ។

ប្រភពដដែលបានបន្តថា នៅទីតាំងខាងលើនេះមិនមែនទើបតែមាននារីរកស៊ីផ្លូវភេទ ឈរលក់ខ្លួនមួយរយៈនេះទេ ពោលគឺរាប់ឆ្នាំមកហើយ ពុំដែលមានអជ្ញាធរ ឬសមត្ថកិច្ចណា ចុះមកឃាត់យកទៅអប់រំ ឬបង្ក្រាបឡើយ មានពេលខ្លះសូម្បីតែសមត្ថកិច្ចក៏មករកសេវាកម្មផ្លូវភេទនៅទីនោះដែរ ។

ជាចុងក្រោយ ប្រជាពលរដ្ឋស្នើសុំឲ្យមានចំណាត់ការទៅលើសកម្មភាពអនាធិបតេយ្យ របស់នារីរកស៊ីផ្លូវភេទនៅ តាមបណ្ដោយផ្លូវវេងស្រេងម្ដុំរោងចក្រដំបូលខៀវ នេះផង ព្រោះមើលទៅវាសម្បើមខ្លាំងពេក ថាវត្តភ្នំទៅ លែងនិយាយហើយ តែនេះចង់លើសវត្តភ្នំទៅទៀត ហើយមានពេលខ្លះនារីទាំងនោះឈ្លោះប្រកែក វាយគ្នាពេញផ្លូវក៏មានដែរ ៕

សហការី KBN