រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​ករណីជនសង្ស័យ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ទ្រព្យ​ពី​នារី​ស្រស់​ស្អាតលក់​អីវ៉ាន់​អន​ឡាញ​ម្នាក់​អស់ប្រមាណ​៣,០០០​ដុល្លារ នៅផ្ទះ​សំណាក់​បៃតង កាលពី​​ដើមខែមករា ២០១៩ ពេល​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​បាន​ហើយ ។

តាម​រយៈ​ផេ​ក​ផ្លូវការ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អោ​យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហ​ការណ៍​ជាមួយ កម្លាំង​ជំនាញ​នៃ​ការិយាល័យ បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ចំណុច​ផ្ទះសំណាក់​សូ​រិ​យា ក្បែរ​សាលា​ខណ្ឌ​ពោធិ​សែន​ជ័យ​ ។

នៅ​ចំពោះ​មុខ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ព្រម​សារភាព និង​ទទួលកំហុស​ថា រូបគេ​មានឈ្មោះ ឌី​ណា ពុទ្ធិ​ស័​ក្ត ហៅ ទី ពិតជា​បាន​ប្រើ Account Facebook ឈ្មោះ Tii Fee(​ឥទ្ធិពល​នៃ​ផ្សែង​គីមី​) បោក​នារី​រង​គ្រោះ​តាម​រយៈ Facebook ឲ្យ​មក​ជួប​នៅផ្ទះ​សំណាក់ និង​ភ្ជង់​ប្លន់​កាលពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩ ពិតប្រាកដ​មែន ហើយ​សម្ភារៈ​ដែល​យក​បាន​ពី​នារី​រង​គ្រោះ រូបគេ​បាន​ប្រគល់​ឲ្យ​មិត្តភក្តិ​ឈ្មោះ ត្រា​, ឈ្មោះ​ឧត្តម​, ឈ្មោះ​ស្នា និង ឈ្មោះ​ជា ទៅ​ដូរ​យក​គ្រឿងញៀន មួយ​កញ្ចប់​ធំ មក​ចែក​គ្នា​ជក់​និង​លក់​បន្ត​។

សូម​រម្លឹក​ថា នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង ផ្ទះសំណាក់​បៃតង ស្ថិត​នៅ​ភូមិ​អ័​រ​គី​ដេ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នារី​ស្រស់​ស្អាត​ម្នាក់​ស្គាល់​ជនសង្ស័យ​ម្នាក់ តាម​ហ្វេ​ស​ប៊ុ​ក​ឆាត​ចុះ​ឆាត​ឡើង​លួងលោម​ជន​រង​គ្រោះ រហូត​ឈាន​ដល់​ណាត់ជួប​គ្នា​នៅផ្ទះ​សំណាក់​បៃតង ស្រាប់តែ​នារី​រង​គ្រោះ​មក​ដល់​បើកទ្វារ​ចូល​ស្រាប់តែ​ជនសង្ស័យ​ច្របាច់ក យក​កាំបិត​ភ្ជង់​ប្លន់​យក​គ្រឿងអលង្ការ​និង​ទូរស័ព្ទ សរុប​ជា​ទឹកប្រាក់​អស់​ជាង​៣​ពាន់​ដុល្លារ រួច​គេចខ្លួន​បាត់​ស្រមោល ។

សម្ភារ​ដែល​ត្រូវ​បាត់បង់​រួម​មាន ៖ ទូរស័ព្ទ iPhone XS Max ០១​គ្រឿង​, ខ្សែ​ក​ចំនួន​០១​ខ្សែ​, ខ្សែដៃ​ចំនួន​០១​ខ្សែ​, ជញ្ជៀន​ពេជ្រ​០១​វង់ និង​លុយ​ដុល្លារ​ចំនួន​២០០​ដុល្លារ សរុប​ជា​ទឹកប្រាក់​អស់​ជាង​៣​ពាន់​ដុល្លារ ។

បច្ចុប្បន្ន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​បន្ត​និ​តិ​វិធី ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​គូរ​កន របស់​ជនសង្ស័យ​ដែល​នៅ​សេសសល់​ជា​បន្ត​ទៀត ៕