រាជធានី​ភ្នំពេញ ៖ បុរស​៤​នាក់ ចូល​ហាង​ផឹកស៊ី​មួយ​កន្លែង ដែល​មាន​យីហោ​ភ្នំពេញ​សាច់​អាំង PPQ ត្រូវ​បុ​គ្ក​លិ​ក​នាំ​គ្នា​ព្រួត​វាយ​ដោយ​ប្រើ ច្រ​វ៉ា​ក់​សោ និង​កែវ​ស្រា បណ្ដាល​ឱ្យ​រង​របួស​បែកក្បាល​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន ព្រោះ​ពេល​ផឹកស៊ី មើល​មុខ​ប្អូនស្រី​ម្ចាស់​ហាង ច្រើន​ពេក ។

ហេតុការណ៍​នេះ​បាន​កើតឡើង​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​ផឹកស៊ី​យីហោ ភ្នំពេញ​សាច់​អាំង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ លេខ​១៣៦ ផ្សារ​កណ្ដាល​២ ខណ្ឌដូនពេញ ។

តាម​ជន​រង​គ្រោះ ប្រាប់​ឱ្យ​ដឹង​ថា ពួក​គាត់​ធ្លាប់​ចូល​មក​ផឹកស៊ី ក្នុង​ហាង​នេះ​ជា​ច្រើន​សារ មក​ហើយ ។ ហើយ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៤​នាក់​នេះ ក៏​មាន​ម្នាក់​ជា​បុគ្គលិក ក្នុង​ហាង​នេះ​ដែរ ដែល​បាន​នាំ​មិត្តភក្តិ មក​ផឹក​ជុំ​គ្នា ហើយ​ក្រោយ​ពី​ផឹកស៊ី​ចប់ ពួក​គាត់​បាន​គិតលុយ​ឱ្យ​គេ​រួចរាល់​ដែរ ។ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច ? ក្រោយ​ពី​គិតលុយ​រួច ពួក​គាត់​បាន​នាំ​គ្នា​ដើរ​ចេញពី​ហាង ដល់​ខាង​ទ្វារ​មុខ ស្រាប់តែ​ក្រុម​បុគ្គលិក នៅ​ក្នុង​ហាង​នាំ​គ្នា​ព្រួត​វាយ​ដោយ​ប្រើ​សោ​ច្រ​វ៉ា​ក់ និង​កែវ​ស្រា បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ស្រាល​ទាំង​៤​នាក់ ។

បើ​តាម​ជន​រង​គ្រោះ​ម្នាក់​ទៀត ដែល​ជា​បុគ្គលិក​ហាង​នោះ បានឱ្យ​ដឹង​ថា រឿង​នេះ គឺ​កើត​ចេញ​ដោយសារ​តែ គ្រាន់តែ​មិត្តភក្តិ​របស់​គាត់​ម្នាក់​(​ជន​រង​គ្រោះ​) មើល​មុខ​ប្អូនស្រី​របស់​ម្ចាស់​ហាង ទើប​ធ្វើ​ឱ្យ​បុគ្គលិក​ហាង​នោះ បង្ក​ហិង្សា​មក​លើ​ពួក​គាត់ និង​បណ្ដាល​អោយរ​ងរ​បួស​ទៀត​ផង រួច​ហើយ​ក្រុម​អ្នក​បង្ក​នាំ​គ្នា​ចូល​ទៅ​ខាងក្នុង​ហាង និង​ទាញ​ទ្វារ​បិត ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ទាំង​យប់ និង​ហៅ​ម្ចាស់​ហាង​ដើម្បី​ធ្វើការ​សាកសួរ ។

បើ​តាម​សម្ដី​ស្ត្រី​ម្នាក់ ជា​អ្នកគ្រប់គ្រង​ហាង បានអោយ​ដឹង​ដែរ​ថា ក្រុម​បុគ្គលិក​ក្នុង​ហាង​របស់​គាត់ ក៏​រង​របួស​ដែរ បន្ទាប់​ពី​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​ទាន់​ដឹង​មូលហេតុ​នោះ ហើយ​គាត់​ប្រាប់​ឲ្យ​បុគ្គលិក​បិទទ្វារ​ចាក់សោ​សិន ព្រោះ​ខ្លាច​មានការ​វាយ​គ្នា​ម្ដងទៀត កុំ​ឲ្យ​ខូចខាត​សម្ភារៈ​ក្នុង​ហាង ។

ស្ត្រី​អ្នកគ្រប់គ្រង​ហាង មាន​រូប​ស្រស់ សម្ដី​ស្រទន់ បន្ត​ថា ទោះជា​យ៉ាងណា​ក្នុង​នាម​គាត់​ជា​អ្នកគ្រប់គ្រង​ហាង គាត់​នៅ​តែ​ទទួលខុសត្រូវ ព្រោះ​ជន​រង​គ្រោះជា​ភ្ញៀវ ពួក​គាត់​បាន​ចូល​មក​ហូប​ចុក​លក្ខណៈ​ធម្មតា​ប៉ុណ្ណោះ និង​មិនមែន​មក​អុកឡុក​ហាង​អ្វី​ឡើយ ហើយ​ពេល​ហូប​ចប់ ពួក​គាត់​ក៏​បាន​មក​គិតលុយ​គ្រប់​ចំនួន​ផង​ដែរ មិន​បង្ក​បញ្ហា​ម្តងណា​ឡើយ ដូច្នេះ រូប​គាត់​សុំ​ដោះស្រាយ និង​សម្របសម្រួល​ជាមួយ​ភ្ញៀវ​សិន ។

ស្ត្រី​ជា​អ្នកគ្រប់គ្រង​ហាង បាន​ចូល​មក​សម្របសម្រួល​ជាមួយ​អ្នក​រង​របួស ទាំង​៤​នាក់​នោះ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្ដាល​ទី​២ ដោយ​ភាគី​ខាង​ជន​រង​គ្រោះ សុំ​ទាម​ទារជំងឺចិត្ត និង​ថ្លៃ​ព្យាបាល​របួស ព្រោះ​មិន​ចង់ទៅ​ប៉ុស្តិ៍ ដាក់​ពាក្យបណ្ដឹង​នាំ​វែង​ឆ្ងាយ​ទេ ទើប​ភាគី​ខាង​ម្ចាស់​ហាង​ព្រម​សង​ថ្លៃ​ព្យាបាល​របួស និង​ជ​ម្ងី​ចិត្ត​ចំនួន​៧០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង និង​ធ្វើ​ឯកសារ​បញ្ជាក់​ថា មិន​មានការ​គុំ​គួ​ន​គ្នា​ទៀត​ឡើយ ៕