ភ្នំពេញ៖ ពស់ថ្លាន់មួយក្បាលមានទំងន់៤ទៅ៥គីឡូក្រាម និងមានប្រវែងជាង១ម៉ែត្រកំពុងតែលូនកាត់ផ្លូវ​ ត្រូវរថយន្តមួយគ្រឿងបើកកិនកន្ទុយបន្តិចធ្វើឱ្យពស់ថ្លាន់ផ្លោងហោះទៅទើរលើស្លាកសញ្ញាចរាចរណ៍ នៅលើរបាំងថ្មពុះចែកផ្លូវដូចរូបប្រក់នាគ ធ្វើឱ្យអ្នកធ្វើដំណើរតាមផ្លូវឃើញហើយនំា គ្នាចុះទៅថតរូបទុកគ្រប់ៗគ្នា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ ជិតនិងស្ថានីយបូបទឹកស្អុយបឹងត្របែក ផ្លូវ២៧១ ព្រំប្រទល់ ខណ្ឌមានជ័យ និងខណ្ឌចំការមន ។

បើតាមសម្តីបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានប្រទះឃើញសត្វពស់ថ្លាន់មួយក្បាល បានលូនឆ្លងកាត់ទទឹងផ្លូវ២៧១ ពីខណ្ឌមានជ័យ ឆ្លងទៅខណ្ឌចំការមន ខណៈពេលលូនឆ្លងជិតផុតទៅហើយ ក៍ស្រាប់តែមានរថយន្តមួយគ្រឿងបានបើកទៅកិនពស់ថ្លាន់នោះបន្តិចតែមិនបានកិនចំពាក់ កណ្តាលខ្លួនទេ គឺកិនចំកន្ទុយបន្តិចប៉ុណ្ណោះ ធ្វើឱ្យពស់ថ្លាន់ហោះផ្លោងលូនទៅសម្ងនៅលើសញ្ញា ព្រួញក្បាលនាគពុះចែកផ្លូវឆ្វាយរង្វើដូចរូបប្រក់នាគតែម្តង ទើបបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ បាននាំគ្នាឈប់មើលនិងថតរូបភាព ព្រមទាំងបានជួយយកពស់ថ្លាន់នោះ យកទៅប្រលែងនៅមាត់ប្រឡាយលូទឹកស្អុយបឹងត្របែក ដែលនៅក្បែរនោះឱ្យមានសេរីភាពឡើងវិញ ៕