ភ្នំពេញ ៖ កម្លាំង​មន្ត្រី​កាំកុងត្រូល បាន​ចុះ​ពិនិត្យ​និង​ឆែកឆេរ​មើល​ចំណីអាហារ បន្លែ​ផ្លែ​ឈឺ សាច់ និង​ទំនិញ​មួយ​ចំនួន​ទៀត នៅ​ផ្សារ​ដើម​គរ ដើម្បី​បន្ត​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ ២០១៨​នេះ ។

នៅ​ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​កាំកុងត្រូល បាន​រក​ឃើញ​បង្គា​ជិត​២០​គីឡូក្រាម ដែល​ក្នុង​បង្គា​នោះ បាន​ចាក់​ចាហួយ​ចូល​ក្នុង​ពោះ ដើម្បី​បង្កើន​គីឡូ និង​រក​ឃើញ ជីរ​ណា ជា​ច្រើន​គីឡូ​ទៀត មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ។

ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ នៅ​ផ្សារ​ដើម​គរ ដែល​ជា​កន្លែង​ធំ​មួយ ដែល​លក់​ចែកចាយ​លើ​ទីផ្សារ​នានា​ក្នុង​ក្រុងភ្នំពេញ បាន​ធ្វើតេស្ត​បម​ឋ និង​យក​គំរូ​ចំនួន​ជាង​៤០​មុខ ដែល​សង្ស័យ​មាន​ហានិភ័យ​ខ្ពស់​ដូច​ជា​សរសៃ​មី​លឿង ប្រហិត​សាច់​គោ មឹក បង្គារ ត្រីងៀត ត្រី​ហើម សាច់ក្រក​បាញ់​កាញ់ លត គុយទាវ​សរសៃ​ធំ គុយទាវ​សរសៃ​តូច គ្រឿង​សមុទ្រ និង​នំ​ផ្សេង​ៗ បញ្ជូន​មក​រថយន្ត​ពិសោធន៍​ចល័ត ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់ ។ ក្រោយ​ពិនិត្យ​បឋម​ក្រុមការងារ បាន​រក​ឃើញ​ចាហួយ​ចាក់​ក្នុង​ពោះ​បង្គា ដើម្បី​បង្កើន​គីឡូ​ជិត​២០​គីឡូក្រាម ដែល​អាជីវករ​កំពុង​ដាក់​លក់ និង​សារធាតុ​គីមី​ហាមឃាត់​ក្នុង​ជីរ​ណា​ចំនួន​១៨​គីឡូក្រាម ហើយ​ក្រុមការងារ​ក៏​សម្រេច​ដកហូត យក​ទៅ​កម្ទេច​ចោល​ទាំង​ពីរ ។

ដោយឡែក អាជីវករ​បាន​ត្រឹមតែ មន្ត្រី​កាំកុងត្រូល​រាជធានី​ភ្នំពេញ​អោយធ្វើ​កិច្ចសន្យា​បញ្ឈប់​តែ​ប៉ុណ្ណោះ មិន​មាន​វិធានការ​ផ្លូវច្បាប់​ណាមួយ ដើម្បី​ស្រាវជ្រាវ​រក​ជនខិលខូច​មួយ​ចំនួន​លួច​បញ្ចេញ​មក​លក់​ចែកចាយ​លើ​ទីផ្សារ​នោះ​ឡើយ ព្រោះថា​សារធាតុ​គីមីដែលដាក់​ទៅ​លើ​ផលិតផល​ម្ហូបអាហារ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​យ៉ាង​ខ្លាំង​បង្ក​ចេញ​ទៅ​ជា​ជំងឺ​កាច​សាហាវ​នានា នៅ​ពេល​អនាគត ៕