ភ្នំពេញ៖ នៅ​ព្រឹក​នេះ ភរិយា​របស់​លោក រ៉ាត់ រដ្ឋមុនី រួម​ជា​មួយ​​​អ្នក​គាំទ្រ​លោក​ប្រមាណ​ជាង​១០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ក្រុង​ភ្នំពេញ ដើម្បី​អំពាវនាវ​តាម​រយៈ​ញត្តិ​ឳ្យស្ថាន​ទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍ឳ្យអាជ្ញាធរ​ខ្មែរ​ដោះ​លែង​លោក រ៉ាត់ រដ្ឋមុនី ដែល​កំពុង​ជាប់​ឃុំ ពីបទញុះ​ញង់​ឳ្យមាន​ការ​រើស​អើង តាមរយៈវីដេអូអប់រំមួយដែលលោក រ៉ាត់ រដ្ឋមុនី បានផលិតមានចំណងជើងថា «ម្ដាយខ្ញុំលក់ខ្ញុំ» និងបានផ្សព្វផ្សាយតាមរយៈទូរទស្សន៍​រុស្ស៊ី RT ។

​លោក រ៉ាត់ រដ្ឋមុនី និងក្រុមគ្រួសារ

លោក​ រ៉ាត់ រដ្ឋមុនី ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ទៅ​នាំ​ខ្លួន​ពី​ប្រទេស​ថៃ​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​ទី១២ ធ្នូ ក្រោយ​ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ និង​ឃុំ​ខ្លួន​អស់​រយៈ​ពេល​៥ថ្ងៃ​នៅ​មណ្ឌល​ឃុំ​ខ្លួន​ជន​អន្តោរ​ប្រវេសន៍​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ហើយអាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី១ ឆ្នាំ​ទៅ​៣ឆ្នាំ​និង​ពិន័យ​ជា​ទឹក​ប្រាក់​ពី​២លាន​រៀល​ទៅ​៦លាន​រៀល ប្រសិន​បើ​តុលាការ​កម្ពុជា​រក​ឃើញ​ថា ​លោក​បាន​ប្រព្រឹត្ត​បទ​ល្មើស​ញុះ​ញង់​ឳ្យ​មាន​ការ​រើស​អើងពិតប្រាកដមែន ។

សូមបញ្ជាក់ថា​វីដេអូរអប់រំមានចំណងជើងថា «ម្ដាយខ្ញុំលក់ខ្ញុំ» ដែលនិយាយអំពីម្ដាយ លក់កូនស្រីខ្លួនឯងបង្កើត បានធ្វើឳ្យ​រដ្ឋាភិបាល​កម្ពុជា​មិនពេញចិត្កយ៉ាងខ្លាំងដោយយល់ឃើញថា ជារឿងមិនពិត​ ធ្វើឳ្យខូចតម្លៃស្ត្រីខ្មែរ ក៏ដូចជាអាប់ឳនកិត្តិយសប្រទេសកម្ពុជាទាំងមូលផងដែរ ។

យោងតាមការបកស្រាយរបស់នារីវ័យក្មេងដែលជាតួអង្គសំខាន់នៅក្នុងវីដេអូអប់រំ «ម្ដាយខ្ញុំលក់ខ្ញុំ» បានឳ្យដឹងភ្លាមៗក្រោយពេលវីដេអូនោះមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសកម្ពុជា យ៉ាងដូច្នេះថា នាងពុំបានដឹងខ្លួនថា អ្នកផលិតវីដេអូដាក់ចំណងជើងធ្ងន់ៗបែបនេះទេ ព្រោះកាលនិយាយហៅនាងថត គឺគេបានអះអាងថា ថតរឿងអប់រំធម្មតាៗ ហើយពាក្យពេជន៍ដែលនាងនិយាយនៅក្នុងវីដេអូ គឺគ្រាន់តែនិយាយតាមប៉ារ៉ូល របស់អ្នកដឹកនាំតែប៉ុណ្ណោះ ។

នារីដដែលបានបន្តថា កាលណោះអ្នកផលិតបានប្រាប់ថា វីដេអូខាងលើដែលនាងសម្ដែង គឺមិនបង្ហាញនៅលើហ្វេសប៊ុកឡើយ គឺចាក់តែនៅលើទូរទស្សន៍ក្រៅប្រទេសប៉ុណ្ណោះ ដូចនេះមិនបាច់ឳ្យនាងបារម្ភខ្លាចខ្មាសគេទេ ប៉ុន្តែក្រោយមកអ្នកផលិត មានជនម្លោះជាមួយម្ដាយនាង ហើយក្នុងអំឡុងពេលនោះស្រាប់តែបានឃើញវីដេអូ «ម្ដាយខ្ញុំលក់ខ្ញុំ» ត្រូវបានគេចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុកទើបធ្វើឳ្យនាងមានអារម្មណ៍មិនល្អ ៕

សហការី KBN