ស្ទឹង​ត្រែង ៖ នៅ​ព្រឹក​ក​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ភោ​ធ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដែល​មាន​អនុភាព​៤០០​មេ​ហ្គា​វ៉ា​ត់ ។

ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ត្រូវ​បាន​សាងសង់​អស់​ថវិកា​អស់​ប្រមាណ​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ទំ​បន់​នេះ បាន​ចាប់ផ្តើម​សាងសង់​កាលពី​ដើមឆ្នាំ​២០១៤ ជា​ទំនប់​វា​រី​អគ្គិសនី​ធំ​ជាងគេ​បំផុត​របស់​កម្ពុជា ។

ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ គឺជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ចំនួន​បី​រួម​មាន​ក្រុមហ៊ុន​ចិន​ឈ្មោះ ហា​យ​ដ្រូ​ឡា​ង​ឆាន អ៊ិ​ន​ធឺ​ណេ​សិន​ណ​ល អេ​ណឺ​ជី​(Hydrolancang Internatio nal Energy) មាន​ភាគហ៊ុន​៥១​ភាគរយ​,​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េ​ង មាន​ភាគហ៊ុន​៣៩​ភាគរយ និង​ក្រុមហ៊ុន​វៀតណាម អ៊ី​.​វី​.​អិន (EVN) មាន​ភាគហ៊ុន​១០​ភាគរយ ។

បើ​យោង​តាម​កិច្ចសន្យា​នៃ​ការ​វិនិយោគ រដ្ឋាភិបាល​អាច​ទទួល​ចំណូល​ពី​ការ​យកពន្ធ​លក់​ថាមពល​អគ្គិសនី​ក្នុង​រយៈពេល​៤០​ឆ្នាំ នៃ​កិច្ចសន្យា​វិនិយោគ​តាម​ប្រព័ន្ធ សាងសង់ អាជីវកម្ម ផ្ទេរ (Build Operate and Transfer -BOT) ។​ការ​វិនិយោគ​នេះ​តាម​រូបភាព​សាងសង់​-​ដំណើរការ​-​ផ្ទេរ (BOT) មាន​រយៈពេល​សម្បទាន​៤៥​ឆ្នាំ ដែល​ក្នុង​នោះ​រយៈពេល ៥​ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់ និង​៤០​ឆ្នាំ សម្រាប់​ធ្វើ​អាជីវកម្ម ។ តាម​រយៈ​ទំនប់​វា​រី​អគ្គិសនី​នេះ ថាមពល​អគ្គិសនី​ប្រមាណ​២៣០​គីឡូវ៉ុល នឹង​អូស​តាម​បណ្តាញ​ជាតិ​មក​ភ្នំពេញ ដើម្បី​បែងចែក​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ។

វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ មាន​អាង​ស្តុក​ទឹក​លាតសន្ធឹង​តាម​ដង​ទន្លេសេសាន​ក្នុង​ឃុំ​ភ្លុក ឃុំ​ស្រែ​គរ និង​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន និង​មាន​ទំនប់​វា​រី​អគ្គី​ស​នី ប្រវែង ៦,៥​គីឡូ​ម៉ែ​ត​នេះ​ជា​ទំនប់​ដ៏​វែង​បំផុត​ក្នុង​ទ្វីបអាស៊ី ៕