សៀមរាប ៖ នេះ​ជា​រឿង​ប្លែក​មួយ ហើយ​ក៏​ធ្លាប់​កើត​មាន​កន្លង​មក​ដែរ ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​រឿង​ហួសចិត្ត​មួយ ដែល​ក្រុម​ចោរ បាន​លួច​ចូល​ទៅ​ផ្ទះ​លក់​ឥ​វ៉ា​ន់​មួយ​កន្លែង (​លក់​ចាប់​ហ៊ួ​យ​) ហើយ​បាន​គាស់​អស់​ស្រា​បៀ ជា​ច្រើន​កេះ យក​តែ​ក្រវិល​កំប៉ុង តែ​ប៉ុណ្ណោះ បំណង​ផ្សងសំណាង​យក​រង្វាន់​ធំ​…​? ដោយ​ទុក​ទឹក​ស្រា​បៀ​ពេញ​កំប៉ុង​ដដែល ។

បើ​យោង​តាម​រយៈ​គណណី​ហ្វេ​ស​បុក​បុរស​ម្នាក់​ឈ្មោះ​ថា «Raksmey…» បាន​បង្ហោះ​នូវ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ​នេះ កាលពី​ម៉ោង​៨​និង​៣៦​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ ២០១៨ ដោយសារ​ចោរ​ហេងស៊យ​មួយ​ក្រុម​បាន​ប្លោះ​របង​ចូល​ផ្ទះ អ្នក​ចាប់​ហ៊ួ​យ​មួយ​កន្លែង​នៅ​ទុល​មុខ​នឹង​សណ្ឋាគារ​ឥន្ទ្រ​បុ​រៈ ក្រុង​សៀមរាប រួច​គាស់​យក​តែ​គ្រ​វិល​កំប៉ុង​អស់​ស្រា​បៀ​ចំនួន​១៥​កេះ ដើម្បី​ផ្សង​យក​រង្វាន់​ធំ ។

ហ្វេ​ស​បុក Raksmey សរសេរ​យ៉ាង​ដូច្នេះ​ថា ៖ «​មហាចោរ​ផ្សងសំណាង​បាន​ផ្លោះ​របង​ផ្ទះ​បង​លក់​ចាប់​ហ៊ួ​យ មួយ​កន្លែង ស្ថិត​ផ្សារ​ក្រោម នៅ​ទុល​មុខ​នឹង សណ្ឋាគារ​ឥន្ទ្រ​បុ​រៈ ស្ថិត​នៅ​សង្កាត់​ស្វាយ​ដង្គំ បាន​ចូល​ទៅ​គាស់​ស្រា​បៀ អស់​ចំនួន​១៥​កេះ យក​តែ​ក្រវិល​(​កំប៉ុង​) ជា​ចុង​ក្រោយ​សូម​អោយ អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​អន្តរាគមន៍​លើ​ករណី​នេះ​ផង​, ក៍​សូម​អរគុណ​ដល់​លោក​ចោរ អោយ​គិត​ពី​អារម្មណ៍​ម្ចាស់ទ្រព្យ​គេ​ផង សូម​ជួយ​ផ្សព្វផ្សាយ​ទាំងអស់​គ្នា​កុំអោយ​មាន ដូច​ករណី​ខាងលើ​ហ្នឹង បំណង​ល្អ​ពី​ខ្ញុំ D.V.N អរគុណ​» ។

សូម​រម្លឹក​ថា ករណី​ដូច​គ្នា​នេះ ធ្លាប់​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ឧសភា មាន ក្រុម​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​លួច​ចូល​តូប​លក់​ឥ​វ៉ា​ន់​មួយ​កន្លែង​របស់​ម្ចាស់​ឈ្មោះ សាំង រឿ​ប ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។ មក​ដល់​ពេល​នេះ ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច នៅ​មិន​ទាន់​រក​ឃើញ​ជនសង្ស័យ​នៅឡើយ​ទេ ។ ករណី​នេះ ជនសង្ស័យ ក៏​មិន​បាន​យក​សម្ភារ​ផ្សេង​ៗ ក្រៅ​តែ​ពី​ក្រវិល​កំប៉ុង​ស្រា​បៀ មាន​៖ ស្រា​បៀ​លី​អូ និង​ស្រា​បៀ​អង្គរ ដើម្បី​ផ្សងសំណាង​យក​រង្វាន់​ធំ ៕