សៀមរាប ៖ កម្លាំង​នគរបាល​ក្រុង​សៀមរាប ក្រោម​ការ​ដឹកនាំ​សម្របសម្រួល នីតិវិធី​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ​រូបភាព និង​សម្ភារៈ​អាសអាភាស​នៃ​កុមារ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ក្នុង​ទីតាំង​ចំនួន​៣​ផ្សេង​គ្នា ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់ ។

ការ​បង្ក្រាប​ករណី​ចែកចាយ​រូបភាព និង​សម្ភារៈ​អាសអាភាស​នៃ​កុមារ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីតាំង​ទី​១-​ផ្ទះ​លេខ​E២១​បុរី​អាក់​ខេត ស្ថិត​ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ឃាត់ខ្លួន​ម្នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ។ ទី​២-​ផ្ទះ​វីឡា​ជួល ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ឃាត់ខ្លួន​៥​នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​។ និង​ទី​៣-​បន្ទប់​លេខ​៣០៥ ផ្ទះសំណាក់​មហា​មាន ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ឃាត់ខ្លួន​មនុស្ស​៣​នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ។

ជនសង្ស័យ​ជា​ជនជាតិ​ចិន ទាំង​៩​នាក់ ដែល​ឃាត់ខ្លួន មាន​ទី​១-​ឈ្មោះ PAN ZHIFU ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៨ ។ ទី​២-​ឈ្មោះ HUANG XINFA ភេទ​ប្រុស​កើត​ឆ្នាំ​១៩៩៥ ។ ទី​៣-​ឈ្មោះ HUANG FULONG ភេទ​ប្រុស កើត​ឆ្នាំ​១៩៩១ ។​ទី​៤-​ឈ្មោះ WEI JIBO ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៦ ។ ទី​៥-​ឈ្មោះ GU SHENGFENG ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៨ ។ ទី​៦-​ឈ្មោះ LI WEIMING ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៣ ។ ទី​៧-​ឈ្មោះ PAN XIADONG ភេទ​ប្រុស កើត​ឆ្នាំ ១៩៨៧ ។ ទី​៨​ឈ្មោះ PAN ZONGJI ភេទ​ប្រុស កើត​ឆ្នាំ​១៩៨២ និង​ទី​៩-​ឈ្មោះ​DAI GUANGQIANG ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៤ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៩​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី ៕